ខេត្តព្រះវិហារ ÷ កាលពីថ្ងៃទី ១៥ខែមីនា ឆ្នាំ២០២២ នេះ លោក អ៊ុង វុធ្ធី អភិបាលរងខេត្តព្រះវិហារ សហការជាមួយលោក យូ ចន្តាយុត្តិ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ដឹងលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ដោយមានការចូលរួមនិងសម្របសម្រួលពីលោក ថុល គឹមហុង ព្រះរាជអាជ្ញារង ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបបានចូលរួមចុះបង្ក្រាបទីតាំងរ៉ែមាសអនាធិបតេយ្យគ្មានច្បាប់ចំនួន ១២ ទីតាំងស្ថិតនៅតំបន់ភ្នំអន្លង់ ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។
លោក យូ ចន្តាយុត្តិ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារបានឲ្យដឹងថា ក្រោយទទួលបានដំណឹងរាយការណ៍មកថា មានក្រុមឈ្មួញប្រកបអាជីវកម្មរ៉ែមាសខុសច្បាប់យ៉ាងអាណាធិបតេយ្យខាងលើនោះរួចមក លោកបានរាយការណ៍ទៅរដ្ឋបាលខេត្ត ដើម្បីសូមគោលការណ៍ក្នុងការចុះបង្ក្រាបធនធានធម្មជាតិរ៉ែមាសនៅតំបន់ភ្នំអន្លង់ ដែលកំពុងប្រព្រឹត្តយ៉ាងអនាធិបតេយ្យ ។
លោកបានបន្តទៀតថាក្នុងការចុះបង្ក្រាបការធ្វើអាជីវកម្មរ៉ែមាសខាងលើនោះបានចំនួន ១២ ទីតាំងដែលកំពុងធ្វើសកម្មភាពខុសច្បាប់ ត្រូវបំផ្លាញចោលទាំងស្រុងដោយប្រើគ្រឿងចក្រកាយកម្ទេចអាងចាក់គីមីលុបរណ្ដៅបំផ្ទុះគ្រាប់ វាយកម្ទេចម៉ាស៊ីនរួចទម្លាក់ចូលក្នុងអន្លង់លុបដីពីលើ និងម៉ាស៊ីនមួយចំនួនទៀតត្រូវបានយកមករក្សាទុកនៅស្រុករវៀង ។
ក្រោយពីការចុះបង្ក្រាបរួចមកលោកម៉ានឱ្យក្រុមឈ្មួញទាំងនោះធ្វើកិច្ចសន្យាបញ្ឈប់ក្នុងការប្រកបអាជីវកម្មរ៉ែមាសនេះបន្តទៀត បើមិនដូច្នេះទេនឹងរៀបចំចងក្រងសំណុំឯកសារចាត់ការតាមនិតិវិធីច្បាប់ដោយមិនលើកលែងនោះឡើយ ។
លោក យូ ចន្តាយុត្តិ បានបញ្ជាក់ទៀតថា មិនមែនតែថ្នាក់ខេត្តទេដែលចុះបង្ក្រាបនោះ រហូតដល់ថ្នាក់ក្រសួងថែមទៀត តែក្រុមឈ្មួញទាំងនោះមិនខ្លាចញញើតរអានឹងច្បាប់ទាល់តែសោះ ។
ប្រភពច្បាស់ការពីប្រជាពលរដ្ឋនៅតំបន់នោះបានបង្ហើបឲ្យដឹងថាក្រោយពីការចុះបង្ក្រាបមិនបានមួយចម្អិនកំពិសផងនោះ នៅរសៀលថ្ងៃទី ១៦ ខែមិនានេះដែរ ក្រុមឈ្មួញមួយចំនួនបានរៀបចំតំឡើងម៉ាស៊ីនឡើងវិញ ដោយផ្គុនដឹងការចុះបង្ក្រាបខាងលើនោះ៕
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()