បើកបរម៉ូតូលឿនពេកជ្រុល បុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់យុវជនម្នាក់
ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯងលឿនពេកជ្រុលទៅបុករថយន្តពីក្រោយយ៉ាងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។
ហេតុការណ៍ជិះម៉ូតូបុករថយន្តពីក្រោយស្លាប់នេះ នេះកើតឡើង កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧ ទៅលេខ២៨ ស្ថិតត្រង់ចំណុចភូមិវត្តភ្នំតូច ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកឧដុង្គបាននិយាយឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក HONDA SONIC ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IK-1653 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាននោះទេ គ្រាន់តែដឹងថាមានអាយុជាង២០ឆ្នាំ ពាក់អាវក្រឡាពណ៌ខៀវ ស្ពាយកាបូបពណ៌លឿង សម្បុរស សក់ស្លូត បានបើកបរ តាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង លុះបើកបរមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកពីក្រោយ រថយន្តមួយ គ្រឿងម៉ាក HYUNDAI ក្បាល ពណ៌ ស ទ្រុង ពណ៌ ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-5832 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្តង។
នគរបាលដដែលបានបន្តថាក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងនិងអូសយកម៉ូតូនិងរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គរង់ចាំដោះស្រាយពេលក្រោយ។
ចំណែកសពយុវជនខាងលើសមត្ថកិច្ច បានយកទៅតំកល់ទុកនៅមន្ទីរពេទ្យស្រុកនិងបានស្រាវជ្រាវរកសាច់ញាតិឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕