មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺព្រមានដកអាជ្ញាប័ណ្ណឬពិន័យលើគ្លីនិកឯកជនទាំងឡាយណាដែលនៅតែទទួលអ្នកជំងឺគ្រុនចាញ់ឱ្យចូលព្យាបាល
ខេត្តកំពង់ស្ពឺ៖ លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានព្រមានដល់គ្លីនិកឯកជនទាំងអស់នៅក្នុងខេត្តថានិងដកអាជ្ញាបណ្ណ័ឬក៏ផាកពិន័យធ្ងន់ធ្ងរប្រសិនបើនៅតែទទួលយកអ្នកជំងឺគ្រុនចាញ់ឱ្យចូលសម្រាកព្យាបាល។ការព្រមាននេះធ្វើឡើងនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២២ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវឌ្ឍនភាពការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ខេត្តកំពង់ស្ពឺរយៈពេល៣ខែនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។
ការលើកឡើងក្នុងកិច្ចប្រជុំនោះលោកវេជ្ជបណ្ឌិត ហុក គ្រី បានឱ្យដឹថាជំងឺគ្រុនចាញ់នៅតែជាជំងឺមួយដែលបាននិងកំពុងនៅបន្តគម្រាមកំហែងអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ហើយជាក់ស្តែងសម្រាប់ខេត្តកំពង់ស្ពឺមានស្រុកប្រតិបត្តិចំនួន២គឺស្រុកភ្នំស្រួចនិងស្រុកឱរ៉ាល់បានជួបនូវវិបត្តិជំងឺគ្រុនចាញ់ច្រើនជាងគេលើបណ្តាស្រុក-ក្រុងទាំង៦ផ្សេងទៀត។ហើយទន្ទឹមនិងវិបត្តិធ្ងន់ធ្ងរនេះគឺទាមទារឱ្យមន្ត្រីសុខាភិបាលក្នុងស្រុកប្រតិបត្តិនោះយកចិត្តទុកដាក់និងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយដើម្បីបញ្រ្ជាបការយល់ដឹងពីវិធានការការពារដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យចេះការពារនិងប្រុងប្រយត្ន័ខ្ពស់។
ប្រធានមន្ទីរសុខាភិបាលខេត្តលោកវេជ្ជបណ្ឌិត ហុក គ្រី ក៏បានលើកឡើងផងដែរថា ទោះបីជាជំងឺគ្រុនចាញ់បន្តរាតត្បាតទៅក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងនេះក៏ដោយ ក៏គេនៅតែឃើញថាប្រជាពលរដ្ឋហាក់មានការធ្វេសប្រហែសនិងមើលស្រាលលើជំងឺនេះ ពួកគាត់ហាក់មិនសូវមានការប្រុងប្រយត្ន័និងការពារខ្លួននោះទេ ភាគច្រើនការសម្រាកក៏មិនត្រូវបានប្រើប្រាស់មុងដើម្បីការពារពីមូសខាំនោះដែរ។
ថ្លែងក្នុងពិធីនោះដែរលោកស្រី ឡុង បូរណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ បានជំរុញនិងបំផុសការយល់ដឹងដល់មន្ត្រីសុខាភិបាលឱ្យយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់សំដៅលើកកំពស់សុខុមាលភាពនិងសុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។លោកជំទាវថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់ ខាតបង់ការងារ បាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា លើបញ្ហាជំងឺគ្រុនចាញ់ ដើម្បី លើកកំពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង សមស្រប នឹងដំណើរវិវត្តន៍ នៃសភាពការណ៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងអភិវឌ្ឍន៍តាមព្រំដែន និងអេកូទេសចរធម្មជាតិព្រៃភ្នំ។
ជាមួយនោះលោកជំទាវ ឡុង ប៊ុណ្ណារ៉េត ក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តត្រូវបន្តការខិតខំនិងយកចិត្តទុកដាក់អនុវត្តថែមទៀតក្នុងការបង្ការជំងឺគ្រុនចាញ់ ដោយឱ្យមានការចែកនិងប្រើប្រាស់មុងជ្រលក់ថ្នាំឱ្យបានត្រឹមត្រូវ ដោយចាត់ទុកថាមុងគឺជាអាយុជីវិតរបស់ខ្លួន បើទោះបីទៅណាគឺត្រូវតែសម្រាន្តក្នុងមុងជ្រលក់ថ្នាំ ហើយត្រូវប្រើប្រាស់មុងឱ្យបានគ្រប់ៗគ្នា ជាពិសេសសម្រាប់បងប្អូនដែលចល័តពីកន្លែងមួយទៅកន្លែងមួយ ដែលទៅធ្វើការនៅតំបន់ព្រៃភ្នំប្រឈមនឹងការឆ្លងជំងឺគ្រុនចាញ់។ ហើយប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនចាញ់ ត្រូវ ប្រញាប់ស្វែងរកសេវាធ្វើតេស្តឈាមនៅមូលដ្ឋានសុខាភិបាលសាធារណៈឱ្យបានឆាប់រហ័សដែលនៅជិតបំផុតតាមរយៈ អ្នកស្ម័គ្រចិត្តភូមិ មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បី ពិនិត្យព្យាបាលជំងឺគ្រុនចាញ់ទាន់ពេលវេលា៕
ដោយ.APN.News