ល្បិចឆបោកថ្មីចែស យកលុយដុល្លារក្លែងក្លាយទៅផ្ញើ Wing ដោយដាក់លេខទូរស័ព្ទខ្លួនឯងជាអ្នកទទួល
ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្រើល្បិចឆបោកទៅលើជនរងគ្រោះ ដោយយកលុយជាប្រាក់ដុល្លារក្រដាស់៥០ ក្លែងក្លាយផ្ញើតាមវីង ( Wing ) ដាក់លេខទូរស័ព្ទខ្លួនឯង ហើយត្រូវជនរងគ្រោះប្តឹង ។
ករណីនេះ បានកើតឡើងនៅថ្ងៃទី០៣ខែមេសា ឆ្នាំ២០២២វេលាម៉ោងជិត ៧យប់នៅចំណុច:ផ្ទះជនរងគ្រោះស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះម៉ិច សីហា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរអាជីវករ ។ ជនសង្ស័យឈ្មោះ លឹម ស្រីពៅ ហៅ ណែត ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ:លក់ដូរ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ការឃាត់ស្ត្រីខាងលើនេះ កម្លាំងថែមទាំងបានដកហូតវត្ថុតាងរួមមាន ៖
1-ម៉ូតូ១គ្រឿងម៉ាកHONDA SCOOPY.iពណ៌សសេរីឆ្នាំ២០២២ពាក់ផ្លាកលេខភ្នំពេញ1IO.0798។
2-ប្រាក់ដុល្លាក្លែងក្លាយចំនួន៤៥០ដុល្លា(ក្រដាស50ចំនួន៩សន្លឹក)។
3-ទូរសព្ទដៃចំនួន១គ្រឿងម៉ាកSAMSUNG Galaxy A10sពណ៌ខ្មៅ ។
4-ប្រាករៀលចំនួន១៥៨០០រៀល។
5-ប្រាក់ដុល្លាអាមេរិកចំនួន៥០ដុល្លា(ក្រដាស50មួយសន្លឹក)។
6-កាបូបដៃពណ៌ឈាមជ្រូកចំនួន១ ។
សមត្ថកិច្ចបានបន្តទៀតថា នៅវេលាកើតហេតុខាងលេី ពេលដែលជនរងគ្រោះកំពង់តែនៅផ្ទះបេីកវីងរបស់ខ្លួន ពេលនោះស្រាប់តែជនសង្ស័យបានជិះម៉ូតូតែម្នាក់ឯងមកឈប់ ហេីយយកលុយដុល្លាក្លែងក្លាយក្រដាស់50អោយជនរងគ្រោះវេរអោយ ។ ពេលជនរងគ្រោះមេីលលុយឃេីញថា លុយនោះជាលុយក្លែងក្លាយ ទេីបប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំចុះមកអន្តរាគមន៍ឃាត់ខ្លួនឆែកក្នុងកែបម៉ូតូឃេីញប្រាក់ដុល្លារក្លែងក្លាយក្រដាស50ចំនួន៨សន្លឹកទៀត ក៏បាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយះAPN.News