ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ផ្ដល់ថវិកាឧបត្ថម្ភជូនដល់កងកម្លាំងសន្តិសុខ ក្រុមគ្រូពេទ្យ និងអ្នកអនាម័យ សម្រាប់ព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងឆ្នាំ ២០២២ ជាការលើកទឹកចិត្តក្នុងការបំពេញការងាររបស់គាត់រយៈពេលនៃការប្រារព្ធព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ២០២២ នេះ
ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១៧ ខែមេសា
ឆ្នាំ ២០២២ នៅសាលាខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល ដល់បងប្អូន កងកម្លាំង សន្តិសុខ ក្រុមគ្រូពេទ្យ អ្នកអនាម័យ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មបំផុតនៅក្នុងការរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងឆ្នាំ ២០២២នេះ។
ថ្លែងនៅក្នុងឱកាសនោះផងដែរឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមថ្លែងអំណរអរគុណដល់ បងប្អូនកងកម្លាំង សន្តិសុខ ក្រុមគ្រូពេទ្យ អ្នកអនាម័យ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់បំផុតធ្វើយ៉ាងណាដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់អនាម័យនៅក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងដែលរៀបចំដោយរដ្ឋបាលខេត្តព្រៃវែងនៅក្នុងឆ្នាំ ២០២២ នេះបានយ៉ាងសប្បាយរីករាយជាទីបំផុត។
ឯកឧត្តមក៏បានបន្តទៀតថា ដោយសារតែមានការជួយសហការគ្នា សាមគ្គីគ្នានេះ ទើបធ្វើឲ្យព្រឹត្តិការណ៍មួយនេះបាន ដំណើរការទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងនោះទេ ហើយឯកឧត្តមក៏បានលើកឡើងផងដែរថា ឆ្នាំនេះ ឯកឧត្តម សង្ឃឹមថានឹងមានបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងដែលរៀបចំដោយរដ្ឋបាលខេត្តនេះ កើនឡើងជាងឆ្នាំកន្លងទៅដែលយើងបានផ្អាកការរៀបចំព្រឹត្តិការណ៍ទាំងអស់នោះអស់រយៈពេល ២ ឆ្នាំមកហើយនោះ ដោយសារតែវិបត្តិនៃការរីករាលដាលឆ្លងនៃជំងឺកូវីដ19។
ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា ព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែងដែលរដ្ឋបាលរៀបចំនៅពេលនេះគឺដោយសារតែ យើងឃើញអំពីស្ថានភាពនៃការរីករាលដាលឆ្លងនៃជំងឺកូវីដ19 មានការថយចុះហើយប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាក៏ដូចជានៅក្នុងខេត្តព្រៃវែងក៏ទទួលបានវ៉ាក់សាំងគ្រប់ៗគ្នាតាំងពីដូសទី ១ រហូតដល់ដូសទី ៣ និងដូសទី៤ ជាដើម៕