ប្អូនប្រុសបង្កើត យកកាំបិតផ្គាក់កាប់បងប្រុស ក្នុងពេលផឹកស៊ី ដោយសារតែទំនាស់ពាក្យសំដីគ្នា
ខេត្តកំពង់ស្ពឺ៖ ផឹកសុីទាស់ពាក្យសំដីគ្នា ប្អូនប្រុសចិត្តកំណាចទាញកាំបិតផ្គាក់កាប់បងប្រុសបង្កើតរបស់ខ្លួនបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ នគរបាលតាមឃាត់ខ្លួនបាន។
ការឃាត់ខ្លួនជនសង្ស័យជាប្អូនប្រុសយកកាំបិតផ្គាក់កាប់បងបង្កើតនេះកាលពី ល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នៅចំណុចភូមិក្រាំងសោម ឃុំជម្ពូរព្រឹក្ស ស្រុឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឧដុង្គបាននិយាយឱ្យដឹងថាជនសង្ស័យជាប្អូនដែលឃាត់ខ្លួនបាននោះ មានឈ្មោះ សឿន ភាក់ ភេទប្រុស អាយុ៣១ឆ្នាំ(ជាប្អូនបង្កើត) ចំណែកជនរងគ្រោះមានឈ្មោះសឿន វុត្ថា ភេទប្រុសអាយុ៣៤ឆ្នាំទាំងពីរនាក់រស់ក្នុងនៅភូមិក្រាំងតាសោម ឃុំជម្ពូរព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកដដែលបានបន្តទៀតថានៅមុនពេលកើតហេតុជនដៃដល់ជាប្អូនបង្កើត បានហៅជនរងគ្រោះមកផឹកស៊ីនៅផ្ទះរបស់ខ្លួនរហូតដល់ស្រវឹងស្រាប់តែទាស់ពាក្យសម្តីគ្នាឈានដល់ប្រើហិង្សាធ្វើអោយជនសង្ស័យយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់(ចំថ្គាមខាងស្តាំ) តែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នជនដៃដល់ដែល សមត្ថកិច្ចឃាត់ខ្លួននោះ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿរឿងអនុវត្តន៍តាមនីតិវិធី៕ដោយ៖ អ៊ុំ ណូន