សមត្ថកិច្ចចម្រុះចុះ បង្ក្រាបទីតាំងផលិត និងចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់
ខេត្តកំពង់ស្ពឺ៖ ជនជាតិចិនចំនួន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនខណៈដែល ក្រុមជនសង្ស័យសង្ងំផលិតនិងចែកចាយគ្រឿងញៀននៅក្នុងទីតាំងមួយនៅក្នុងចំការស្វាយជាយូរខែណាស់មកហើយ។
ការបង្ក្រាបទីតាំងផលិតគ្រឿងញៀនខាងលើនេះធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចចំការស្វាយ ស្ថិតនៅក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យជាជនជាតិចិនដែលឃាត់ខ្លួនទាំង៥នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
សមត្ថកិច្ចបានបន្តថា នៅមុនពេលចុះបង្ក្រាបទីតាំងផលិតគ្រឿងញៀនខាងលើនេះគឺ ក្រុមការងារចម្រុះដែល ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សិរី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចូលរួមពីលោកស្រីឧត្ដមសេនីយ៍ឯក ឈឹម សិទ្ធបុណ្យរិទ្ធ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីសមត្ថកិច្ច ជាច្រើនរូបថែមទៀតផង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយធ្វើការបង្ក្រាបទីតាំងផលិតគ្រឿងញៀន ដកហូតបានវត្ថុតាង
១-សារធាតុគីមីផ្សំ សរុបទម្ងន់ ៦០ គីឡូក្រាម
២-សារធាតុគីមី សរុបទម្ងន់ ៥២៨០ គីឡូក្រាម
បន្ទាប់ពីចុះត្រួតពិនិត្យរួចក្រុមការងារបានធ្វេីការបិតគ្រប់បន្ទប់ទាំងអស់ និងបានប្រគល់ឃ្លាំងខាងលើឲ្យអធិការនគរបាលស្រុកភ្នំស្រួច គ្រប់គ្រង រង់ចាំស្រាវជ្រាវបន្តទៀត៕
ដោយ ស៊ីន ម៉ារី