ក្រុមក្មេងទំនើងមានទាំងម៉ូតូ និងរថយន្ត បានកាន់ដុំថ្ម និងដំបងក្រលាស់ ព្រួតគ្នាវាយ យុវជន និងយុវតី ចំនួន២នាក់ ឲ្យរងរបួសធ្ងន់-ស្រាល
ភ្នំពេញ ៖ នៅមុនពេលកើតហេតុ គេបានឃើញក្រុមក្មេងទំនើងជិះម៉ូតូជាច្រើនគ្រឿងមិនចាំម៉ាក រួមទាំងរថយន្តព្រូសមួយគ្រឿងផងដែរ បានឈប់នៅចំណុចទីតាំងកើតហេតុ រួចមានប្រុសមានស្រីបាននាំគ្នាកាន់ដុំថ្ម រួមទាំងដំបង ក្រលាស់ និងសម្ភារៈផ្សេងៗទៀត បានប្រើអំពើហិង្សាទៅលើយុវតីម្នាក់ និងយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។
កាលពី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមក្មេងទំនើងមានទាំងម៉ូតូ និងរថយន្ត បានកាន់ដុំថ្ម និងដំបងក្រលាស់ ព្រួតគ្នាវា.យទៅលើយុវជន និងយុវតីចំនួន២នាក់ បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល នៅតាមបណ្តោយផ្លូវសម្តេចសុធារស ចំណុចសួនច្បារវត្តបុទមវត្តី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ចំណែកក្រុមជនបង្កនេះ នៅមិនទាន់អស់ចិត្ត ក៏បានវាយកម្ទេចម៉ូតូចំនួន២គ្រឿងថែមទៀត ដោយមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង និងមួយគ្រឿងទៀតម៉ាក XR ព្រមទាំងកាច់បំបាក់ស្លាកលេខចោលទៀតផង។
យុវជន និងយុវតីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ចំណែកមិត្តភ័ក្កយុវតីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងភ្លាមៗ ក្រុមជនបង្កមិនត្រឹមតែប្រើហិង្សាតែមួយមុខនោះទេ គឺបានយកទាំងទូរស័ព្ទអាយហ្វូនមួយគ្រឿងថែមទៀតផង ។ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចតុមុខ បានត្រឹមតែយកម៉ូតូជនរងគ្រោះទៅរក្សាទុកតែប៉ុណ្ណោះ ៕
ដោយ. តាំង វ៉ៃ