កម្លាំងនៃកងរាជអាវុធហត្ថចុះបង្រ្កាបកន្លែងល្បែងសុីសងខុសច្បាប់ មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ១០នាក់ រួមនឹងវត្ថុតាងមួយចំនួន!
តាកែវ៖ទីតាំងសង្វៀនជល់មាន់មួយកន្លែង នៅក្បែរផ្សារអង្គតាសោម ខាងត្បូងសាលាស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ឆ្មក់បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ១០នាក់ រួមនឹងវត្ថុតាងមួយចំនួន។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ការចុះបង្រ្កាបនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពី លោក ញ៉ាន បូរី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ដោយឆ្មក់ចូលបង្រ្កាបទីតាំងល្បែងសង្វៀនជល់មាន់ នេះ ដែលមានម្ចាស់ទីតាំងឈ្មោះ ជឹម សារឿន ភេទប្រុស អាយុ ៤១ឆ្នាំ ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ១០នាក់ រួមនឹងវត្ថុតាងមាន៖ ទូរទស្សន៍ SSP 32inch មួយគ្រឿង ម៉ូនីទ័រ ម៉ាក NEC មួយគ្រឿង និងម៉ូតូចំនួន ១៤គ្រឿង ។
ក្រោយការចុះបង្រ្កាប ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានមន្រ្តីការិយាល័យជំនាញ កំពុងកសាងសំណុំចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ នាយ ខ្វែក