ឈ្មួញសម្រុកដឹកជញ្ជូនធ្យូងទៅលក់ស្រុកយួន តាមច្រករបៀងដេ៣ ទាំងថ្ងៃទាំងយប់
24/06/2022
ប្រភពស្និទ្ធនឹងក្រុមឈ្មួញដឹកជញ្ជូនចេញទៅស្រុកយួន តាមច្រករបៀងដេ៣ ឃុំ2ធ្នូ ស្រុកស្នួល បានបង្ហើបឲ្យដឹងថា ការដែលក្រុមឈ្មួញអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន ទាំងថ្ងៃទាំងយប់ដោយមិនប្រឈមនឹងការទប់ស្កាត់គឺដោយសារមានអ្នករត់ការបើកផ្លូវជាមុន។ ប្រភពបានឲ្យដឹងទៀតថាអ្នករត់ការបានបង់លុយឲ្យមន្រ្តីជំនាញ និងសមត្ថកិច្ចក្នុងស្រុកស្នួល ដោយមិនហ៊ានរំលងនោះទេ ដូច្នេះហើយទើបឈ្មួញអាចដឹកជញ្ជូនធ្យូងទៅដល់គោលដៅយ៉ាងសុខស្រួល។ ចំណែកលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ សម្ងំស្ងាត់ឈឹងទុកឲ្យឈ្មួញដឹកជញ្ជូនធ្យូង ទៅស្រុកយួនតាមច្រករបៀងដេ៣ យ៉ាងគំហុក។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំ2ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា នៅច្រករបៀងដេ៣ ដែលនៅក្បែរច្រកទ្វារអន្តរជាតិត្រពាំងស្រែ មានឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនធ្យូងតាមរថយន្តសាំយ៉ុងកែច្នៃ និងរថយន្តកូរ៉េ ទៅស្រុកយួន យ៉ាងពេញបន្ទុក។ ប្រជាពលរដ្ឋបានអះអាងថា មន្រ្តីជំនាញ និងសមត្ថកិច្ចអាវុធហត្ថ សមត្ថកិច្ចនគរបាល ក្នុងស្រុកស្នួល មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដែលកំពុងបង្កើនសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន យ៉ាងពេញបន្ទុកនោះឡើយ។ ក្នុងចំណោមឈ្មួញទាំងនោះគឺមានទាំងឈ្មួញជាសាច់ញាតិអ្នកធំ ក្នុងខេត្តក្រចេះ ផងដែរដែលធ្វើសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួនតាមច្រករបៀងដេ៣ យ៉ាងរលូន។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ចាត់វិធានការទប់ស្កាត់ករណីឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រករបៀងដេ៣ ជាបន្ទាន់។ ដោយហេតុថាបច្ចុប្បន្នឈ្មួញបង្កើនសកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រករបៀងដេ៣ យ៉ាងគំហុក ហើយមន្រ្តីជំនាញព្រមទាំងសមត្ថកិច្ចនៅស្រុកស្នួល មិនចាត់វិធានការបង្ក្រាបឡើយ។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងខេត្តក្រចេះ ត្រូវប្រឈមនឹងសេចក្ដីវិនាសសាបសូន្យនាពេលឆាប់ៗខាងមុខ ។