ប្រធានក្រុមហ៊ុនM.K.Mដែលទទួលទិញគ្រឿងសមុទ្រនៅឃុំថ្មសស្រុកបទុមសាគរខេត្តកោះកុង បានអំពាវនាវឱ្យមន្ត្រីជំនាញជួយទប់ស្កាត់ចំពោះអ្នកដែលបានចូលមកទិញគ្រឿងសមុទ្រគ្មានច្បាប់អនុញ្ញាត!
កោះកុង(ថ្ងៃចន្ទទី១១ ខែកក្កដាឆ្នាំ២០២២)
ក្រុមហ៊ុនM.K.Mដែលបានបោះទីតាំងនៅក្នុងឃុំថ្មសស្រុកបុទុមសាគរខេត្តកោះកុង ដើម្បីប្រមូលទិញជីវចម្រុះជាគ្រឿងសមុទ្របានអំពាវនាវដល់មន្ត្រីជំនាញផ្នែកសហគមន៍នេសាទនិងផ្នែកជលផលប្រចាំឃុំថ្មសមេត្តាជួយពង្រឹងនិងទប់ស្កាត់ចំពោះសកម្មភាពរបស់ឈ្មួញនានាដែលបានចូលមកទិញគ្រឿងសមុទ្រដែលគ្មានច្បាប់ទម្លាប់ក្នុងដែនគ្រប់គ្រងរបស់ក្រុមហ៊ុនលោកផង។
លោក ម៉ក់ ម៉ាច ប្រធានក្រុមហ៊ុនអឹមខេអឹម ដែលជាក្រុមហ៊ុនទទួលទិញគ្រឿងសមុទ្រផ្ដាច់មុខ លោកបានរៀបរាប់ឱ្យអ្នកយកព័ត៌មានយើងដឹងថា ក្រុមហ៊ុនរបស់លោកគឺមានសិទ្ធិគ្រប់គ្រាន់ និងមានច្បាប់អនុញ្ញាតពីក្រសួងពាក់ព័ន្ធយ៉ាងត្រឹមត្រូវ ហើយក៏បានបង់ចំណូលថវិកាជូនរដ្ឋជាប្រចាំផងដែរ ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនរបស់លោកគឺធ្វើអាជីវកម្មប្រមូលទិញផលនេសាទ តែនៅក្នុងខេត្តកោះកុងមួយប៉ុណ្ណោះទេ ។
លោកប្រធានក្រុមហ៊ុនM.K.M បានរៀបរាប់បន្តទៀតថា នាពេលបច្ចុប្បន្ននេះចំពោះការប្រមូលទិញផលនេសាទពីប្រជានេសាទ គឺហាក់បីដូចជាមានផលពិបាកច្រើនដោយសារតែមានឈ្មួញអត់ច្បាប់មួយចំនួនបានចូលមកទិញគ្រឿងសមុទ្រក្នុងដែនគ្រប់គ្រងរបស់ក្រុមហ៊ុនលោកដោយពុំមានខ្លាចរអាអំពីច្បាប់ទម្លាប់នោះទេ។ ចំណុចទាំងនេះហើយដែលធ្វើឱ្យក្រុមហ៊ុនរបស់លោកមានការពិបាកនៅក្នុងការប្រមូលទិញផលនេសាទពីប្រជាកសិករដែលស្ថិតនៅក្នុងភូមិស្រែក្រៅឃុំថ្មសខេត្តកោះកុង។ ហើយម្យ៉ាងវិញទៀតមន្ត្រីជំនាញហាក់ បីដូចជាមើលរំលងចំពោះបញ្ហានេះ។
លោកបានអំពាវនាវជាចុងក្រោយថាសូមឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់និងមន្ត្រីជំនាញមេត្តាជួយទប់ស្កាត់ចំពោះឈ្មួញនានា ដែលបានមកប្រមូលទិញផលនេសាទ ដោយគ្មានច្បាប់អនុញ្ញាតដើម្បីជួយសម្រួលដល់ក្រុមហ៊ុនរបស់លោកដែលបានបង់ប្រាក់ចំណូលជូនរដ្ឋផង៕