បាត់ដំបង ៖ កាលពីថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលក្នុងផែនដោយមានលោកវរសេនីយ៍ទោឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រួមជាមួយកម្លាំងនគរបាល ក្រុមអន្តរាគមន៍ បង្ការបង្ក្រាប នៃស្នងការដ្ឋានបានចុះប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាប ករណីអំពើលួចមានស្ថានទម្ងន់ទោស ( កាច់សោលួចយកម៉ូតូ )មួយករណី នៅចំណុចក្នុងផ្ទះសំណាក់មួយកន្លែងស្ថិតក្នុងភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបាននាំខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ ផុន សុភា ហៅភាភេទប្រុសអាយុ ២៦ ឆ្នាំមានទីលំនៅភូមិត្នោតជុំឃុំកោះស្រុកពញាឮខេត្តកណ្ដាល ជាបក្សពួកជនសង្ស័យក្នុងករណីដ៏សកម្មខាងលើក្នុងចំណោមបក្សពួកផ្សេងទៀតដែលរត់គេចខ្លួន។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖
១- កូនសោរម៉ូតូចំនួន ០៤គ្រាប់
២- កូនសោដែក ( រាងអក្សរតេ T ) ចំនួន ០១ដើម
៣-កូនសោដែក ( រាងអក្សរ L ) ចំនួន ០១ដើម
៤- តួណឺវីសដែក ដងជរ័ ចំនួន ០១ដើម
៥- ស៊ីមកាតទូរសព្ទចំនួន០១
៦- ខ្ចៅ( សម្រាប់ចាប់ស្លាកលេខម៉ូតូ ) ចំនួន ០១
៧- អាវនិងខោដែលពាក់ធ្វើសកម្មភាពកន្លងមកចំនួន០១។
ក្នុងករណីខាងលើនេះលោកវរសេនីយ៍ទោ ឈឿង គឹមសុង បានបញ្ជាក់ថា ជនសង្ស័យខាងលើរួមជាមួយបក្សពួករបស់គេដែលកំពុងរត់(គេចខ្លួន)ធ្លាប់ធ្វើសកម្មភាព(កាច់សោលួចយកម៉ូតូ)នៅខេត្តបាត់ដំបងយ៉ាងសកម្មនាពេលកន្លងមក ដែលមុខសញ្ញាទាំងនេះជាមុខសញ្ញា(ឆ្លងខេត្ត) ចេញពីរាជធានីភ្នំពេញ និងខេត្តកណ្តាលមកធ្វើសកម្មភាពនៅខេត្តបាត់ដំបង ពេលធ្វើបានភ្លាមជិះយកទៅលក់នៅភ្នំពេញភ្លាមៗ ហើយជនសង្ស័យ ប្រើប្រាស់ការ(ឃ្លាំមេីល)អំពីការធ្វេសប្រហែសរបស់ម្ចាស់តែបន្តិចគឺពួកគធ្វើសកម្មភាពបានសម្រេចភ្លាម។ ជនសង្ស័យរួមទាំងវត្ថុតាងខាងលើការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕ដោយ÷មាសណែត