នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដឹកនាំកម្លាំងចុះបង្ក្រាបរថយន្តដឹកឈើចំនួន ៣ គ្រឿងក្នុងនោះរថយន្តដែលចោរចូលលួចនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀងត្រូវបានចាប់យកវិញ
ខេត្តព្រះវិហារ ÷ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំង ផ្នែករដ្ឋបាលព្រៃឈើរវៀង សង្កាត់រដ្ឋបាលព្រៃឈើរវៀង និងកម្លាំងអាវុធហត្ថខេត្ត ស្រុក កម្លាំងនគរបាលឃុំ រុះរាន់ ចុះបង្ក្រាបរថយន្តដឹកឈើចំនួន៣គ្រឿង។
ក្នុងនោះរថយន្តដឹកឈើលេខ ២ ចំនួន ១គ្រឿងម៉ាក់សាំយុ៉ងពណ៌លឿង ចាប់នៅព្រំប្រទល់ជីអោក និងរថយន្តដឹកឈើលេខ ១ចំនួន២គ្រឿងទៀតម៉ាក់ ស៊ីណា១ គ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2E.0893. និងរថយន្តម៉ាក ហាយឡេនឌរ័ ពណ៌សដឹកឈើប្រភេទលេខ ១ សុក្រំពេញឡានជារបស់ក្រុមមេឈ្មួញជើងខ្លាំងឈ្មោះ តុលា ចាប់បាននៅចំណុចភូមិ ទួលឈ្នួន ឃុំ រុះរាន់ ស្រុករវៀង ខេត្តព្រះវិហារ ។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១២ នឹង៣៥នាទីយប់ ថ្ងៃទី ១៣.ខែសីហា.ឆ្នាំ២០២២ នឹងយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ។
លោក នួន សុខុម បានឱ្យដឹងថា នៅល្ងាចវាលាម៉ោង ៥ រថយន្តសាំយុ៉ង ដឹកឈើលេខ ២.ចេញពីស្រុករវៀងយកទៅខេត្តកំពង់ធំ លោកបានបញ្ជាទៅកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តប្រចាំការនៅព្រំប្រទល់ឃាត់រថយន្តដឹកឈើនេះ យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង នៅយប់ដដែលនោះ លោកបានដឹកនាំកម្លាំងចម្រុះចុះទៅដល់ភូមិ ឃុំខាងលើ បានប្រទះឃើញក្រុមរថយន្តដឹកឈើលេខ ១ចំនួន ២គ្រឿង បម្រុងដឹកចេញ ។
ប៉ុន្តែត្រូវបានកម្លាំងយើងស្ទាក់ចាប់បាន ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ចោលរថយន្តនៅកន្លែងកើតហេតុតែម្ដង។
លោក នួន សុខុម បានបន្តឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើព្រះវិហារបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការ ការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងការទប់ស្កាត់និងដកហូតបានការរុករានកាប់ដីព្រៃយកមកទុកជាសម្បត្តិរដ្ឋវិញផងដែរ។
លោក នួន សុខុម បានសុំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសបងប្អូនអ្នកសារព័ត៌មាន ចូលរួមសហការផ្ដល់ព័ត៌មានដល់សមត្ថកិច្ចឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាព ។ ពិតណាស់ការការពារធនធានធម្មជាតិតម្រូវឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន បើពឹងផ្អែកតែលើជំនាញមិនគ្រប់គ្រាន់នោះទេ ។
លោក នួន សុខុម បញ្ជាក់ថា ករណីបង្ក្រាបរថយន្តដឹកឈើខាងលើ កម្លាំងជំនាញបន្តស្រាវជ្រាវរកមុខសញ្ញាដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់ ។
ចំណែកវត្ថុតាង មានរថយន្តចំនួន ៣ គ្រឿង រួមទាំងឈើមួយចំនួនត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមច្បាប់៕