ទីបំផុត អតីតមន្ត្រីយោធា ដែលបាញ់ សម្លាប់គូដណ្តឹងជានិស្សិតពេទ្យហើយរត់គេចជាង២ឆ្នាំចាប់ខ្លួនបានហើយនៅក្នុងទឹកដីថៃ
ភ្នំពេញ ៖ ពាក្យចាស់ពោលថា កុកភ្លេចជុងតែជុងមិនភ្លេចកុក តួយ៉ាងអតីតមន្ត្រីយោធាវ័យក្មេង ស័ក្តិ៤ម្នាក់ ដែលបានបាញ់សម្លាប់គូដណ្តឹងខ្លួនជានិស្សិតពេទ្យ ហើយរត់គេចអស់រយ:ជាង ២ឆ្នាំមកនេះ ត្រូវបានកំលាំងសមត្ថកិច្ចចាប់ខ្លួនបានហើយនៅក្នុងប្រទេសថៃ។ នេះបើតាម លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន។
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការប្រគល់ទទួលជនសង្ស័យពីភាគីនគរបាលភូមិន្ទថៃ ដើម្បីបញ្ជូនមកអនុវត្តច្បាប់កម្ពុជា។
មន្ត្រីជាន់ខ្ពស់នគរបាលជាតិបានប្រាប់ថា ជនសង្ស័យមានឈ្មោះ យឺន វ៉ាន់ដេត (អតីតមន្ត្រីយោធា) ភេទប្រុស អាយុ២៨ឆ្នាំ ជាប់សង្ស័យពីបទប្រព្រឹត្តិអំពើឃាតកម្ម ទៅលើនារីជនរងគ្រោះជាគូដណ្ដឹង (ជានិស្សិតពេទ្យ) ដែលបានព្រព្រឹត្តិឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យឹងថា ជនសង្ស័យ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តនីតិវិធីបន្ត។
សូមបញ្ជាក់ផងដែរថា ករណីឃាតកម្មបាញ់សម្លាប់នារីនិស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ បានកើតឡើងកាលពីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនដៃដល់ដែលជាអ្នកបាញ់ប្រហារនារីរងគ្រោះខាងលើ គឺជាគូដណ្ដឹងរបស់នាង ដែលពួកគេទើបនឹងភ្ជាប់ពាក្យកាលពីប៉ុន្មានខែមុនកើតហេតុ ។ ហើយប្រភពព័ត៌មានខ្លះទៀតបានអះអាងថា ពួកគេមានគម្រោងរៀបការជាមួយគ្នា នៅខែមីនា ឆ្នាំ២០២០ ទៀតផង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនដៃដល់ដែលបាញ់នារីជាគូដណ្ដឹងនេះ គឺជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ មានឈ្មោះ យឺន វ៉ាន់ដេត ហើយដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ គេដាក់ការសង្ស័យជំនាញដំបូងថា ផ្ដើមចេញពីរឿងប្រចណ្ឌ។
បើតាមរបាយការណ៍របស់មន្ដ្រីនគរបាលបានឲ្យដឹងថា នារីជនរងគ្រោះឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
នារីខាងលើរងរបួស ត្រូវគ្រាប់កាំភ្លើងនៅត្រង់កផ្នែកខាងក្រោយ និងថ្ពាល់ខាងឆ្វេង បណ្តាលស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ភ្លាមៗបុរសដែលជាគូបណ្ដឹង ក៏បានរត់គេចខ្លួនបាត់ឈឹងតែម្តង អស់រយ:ពេលជាង២ឆ្នាំទើបតែចាប់បាន ៕