សមត្ថកិច្ចឃាត់ខ្លួនម្ចាស់អាជីវកម្មទូក-ដ ចំនួន ២នាក់ និងអ្នកបើកទូក-ដចម្លងម្នាក់
កណ្តាល៖ សមត្ថកិច្ចខេត្តកណ្តាលបានសម្រេចឃាត់ខ្លួនម្ចាស់អាជីវកម្មទូក-ដ ចំនួន ២នាក់ និងអ្នកបើកទូក-ដចម្លងម្នាក់ ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់ កាលពីរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។ នេះ បើតាមស្នងការនគរបាលខេត្តកណ្ដាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលថ្លែងថា ម្ចាស់អាជីវកម្មទូក-ដ ពីរនាក់ ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។ ចំណែកអ្នកបើកទូក-ដ កំពុងសម្រាកព្យាបាល ក៏ត្រូវឃ្លាំមើល និងត្រូវអនុវត្តន៍នីតិវិធីដូចគ្នា ដោយគ្មានការលើកលែងឡើយ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចូលរួមសហការ ក្រោមការដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាន ស្រាវជ្រាវរុករកជនរងគ្រោះចំនួន១៥នាក់ ស្រី០៤នាក់ក្នុងនោះស្លាប់១១នាក់ មានស្រី០៣នាក់ ។
ក្នុងនាមស្នងការ និងតាងនាមឲ្យគណៈស្នងការ រួមទាំងកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏ដូចជាក្នុងនាមប្រជាពរលដ្ឋខ្មែរ សូមចូលរួមសោកស្តាយរកទីបំផុតគ្មានក្នុងសោដនាកម្មដែលបានកើតឡើងនេះ និងសូមចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះទាំង១១នាក់ និងសូមបួងសួងឲ្យវិញាណក្ខន្ធក្មួយៗទាំង១១នាក់ បានសោយសុខក្នុងឋានសុគតិភព៕