ខេត្តឧត្តរមានជ័យ៖ ដោយមានការចង្អុលបង្ហាញផ្ទាល់ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំពី ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ។
នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងផែនជំនាញប្រឆាំងបទល្មើសគ្រឿងញៀន មានការចូលរួមពីកំលាំងប៉ុស្ដិនគរបាលរដ្ឋបាលអូរស្មាច់ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន០១ ករណី នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។ ១-ឈ្មោះ អឹម រតនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង។ ២-ឈ្មោះង៉ែត រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។ ៣-ឈ្មោះ ត្រាក់ ពិសី ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅបុស្ស ស/ក កូនគ្រៀល ក្រុងសំរោង។ ដកហូតវត្ថុតាងមាន ម៉ាទឹកកកចំនួន០៣ កញ្ចប់ ស្មើនឹង ១២,៧២ក្រាម រថយន្តចំនួន០១ គ្រឿង ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។
ករណីនេះបានបន្តស្រាវជ្រាវ រហូតដល់វេលាម៉ោង ១៨:៣០នាទី បានបន្តឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ឈ្មោះ កៀង វ័ន ហៅ ឃ្លី ភេទ ប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង (អនុវត្តន៍តាមដីកា) និងជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ ពាក់ព័ន្ធប្រព្រឹត្តល្មើសជាច្រើនករណីដូចជានៅឆ្នាំ២០១៤ ធ្លាប់ជាប់ពន្ធនាគារពីបទកាច់សោរម៉ូតូយ៉ាងសកម្ម និង ជួញដូរ គ្រឿងញៀន និងឆ្នាំ២០១៧ បានជាប់ពន្ធនាគារម្ដងទៀត ករណី ជួញដូរគ្រឿងញៀន។
ហើយបន្ទាប់មក នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ បានធ្វើសកម្មភាពបាញ់ប្រហារមកលើសមត្ថកិច្ចយើងធ្វើអោយរបួសនគរបាលម្នាក់ ហើយមានដីកាអោយនាំខ្លួនពីបទប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។
ជនសង្ស័យទាំង ០៤នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើល្មើសខាងលើពិតប្រាកដមែន បច្ចុប្បន្នជំនាញកំពុងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕