គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង ចុះពិនិត្យទីតាំងសាងសង់របងបេតុងចូលចំណីព្រែក ស្ថិតនៅភូមិប៉ាក់ខ្លង៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង!
ថ្ងៃព្រហស្បតិ៍.ទី២៩.ខែធ្នូ.ឆ្នាំ២០២២
លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត ប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកោះកុង បានដឹកនាំក្រុមការងារចម្រុះ ដែលមានសមាសភាពអញ្ជើញមកពីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងទីចាត់ការអន្តរវិស័យសាលាខេត្ត បានចុះពិនិត្យទីតាំងសាងសង់របងបេតុងរបស់ប្រជាពលរដ្ឋឈ្មោះ ឆ លីឈៀន ដែលសាងសង់ចូលចំណីព្រែក ស្ថិតនៅភូមិប៉ាក់ខ្លង៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយបានពិនិត្យឃើញដូចខាងក្រោម៖
១/ទីតាំងសាងសង់ គឺស្ថិតនៅលើដី ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលផ្ទៃក្រឡាទំហំ ៣ ៤០៧.៥២ ម៉ែត្រក្រឡា។
២/បាននិងកំពុងសាងសង់របងបេតុងបន្ថែមលើសពីផ្ទៃក្រឡាដីដែលមានកម្មសិទ្ធិ ចូលក្នុងចំណីព្រែក មានផ្ទៃក្រឡាទំហំ ៣ ២៦២ម៉ែត្រក្រឡា។
បន្ទាប់ពីការពិនិត្យរបាយការណ៍របស់រដ្ឋបាលស្រុកមណ្ឌលសីមា និងលទ្ធផលនៃការចុះពិនិត្យជាក់ស្តែង លោកអភិបាលរងខេត្ត ប្រធានក្រុមការងារថ្នាក់ខេត្ត បានបញ្ជាក់ថាករណីនេះ លោកនឹងធ្វើរបាយការណ៍គោរពជូនលោកជំទាវអភិបាលខេត្ត ដើម្បីស្នើសូមគោលការណ៍ណែនាំឱ្យរដ្ឋបាលស្រុកមណ្ឌលសីមា ក្នុងនាមជាប្រធានក្រុមការងារដីរដ្ឋថ្នាក់ស្រុក ត្រូវធ្វើសេចក្តីជូនដំណឹងឱ្យសាមីម្ចាស់សំណង់ ធ្វើការរុះរើសំណង់របងបេតុង ដែលបានសាងសង់ចូលចំណី(លើសពីផ្ទៃដីកម្មសិទ្ធិ) តាមគោលការណ៍ស្ម័គ្រចិត្ត និងបន្ថែមលើនេះ រដ្ឋបាលស្រុក ត្រូវណែនាំឱ្យអាជ្ញាធរឃុំពាក់ព័ន្ធ និងការិយាល័យជំនាញ ចុះតាមដាន ត្រួតពិនិត្យលើការអនុវត្តរុះរើសំណង់របងបេតុងខាងលើ រួចធ្វើរបាយការណ៍ ជូនរដ្ឋបាលខេត្ត៕
ដោយកោះកុង