ចប់បាត់…! ខំតែដាក់បាតរាល់ព្រឹក អត់ដឹងថាជាសង្ឃក្លែងក្លាយ ទាល់តែសោះ ខណៈសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន ក្រោយពេលដែរក្រុមជនក្លែងជាសង្ឃចេញបិណ្ឌបាត្រ ត្រូវបែកការណ៍ ក្រោយចូលក្នុងឡាន១គ្រឿង.!
រាជធានីភ្នំពេញ ៖ ជនខិលខូច១ក្រុមបាននាំគ្នាកោរសក់ កោរចិញ្ចើម និងពុកចង្កា ហើយស្លៀកស្បង់ចីវរក្លែងខ្លួនជាព្រះសង្ឃ ប្រដាប់ដោយឆ័ត្រ និងបាត្រ រួចជិះរថយន្តចេញបិណ្ឌបាត្រនៅតាមខណ្ឌចំនួន៣នៅជាយរាជធានីភ្នំពេញ។ ក្នុងនោះរួមមានខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែចុងក្រោយនេះជួបសំណាងអាក្រក់ត្រូវនគរបាលប្រទះឃើញកំពុងផ្លាស់សម្លៀកបំពាក់នៅក្នុងរថយន្ត ដោយដោះស្បង់ចីវរចេញ និងស្លៀកពាក់ខោអាវ ក៏ត្រូវនគរបាលធ្វើការឡោមព័ទ្ធឃាត់ខ្លួនបានទាំងសម្បុកតែម្ដង។
ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនោះបានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ១ ហៅផ្លូវតាកន កែងមហាវិថីសហព័ន្ធរុស្ស៊ី ខាងត្បូងវត្តទួលសុភាឃួន ស្ថិតនៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលមួយរូបបានប្រាប់ឲ្យដឹងថា ក្រុមជនខិលខូចដែលត្រូវចាប់ខ្លួនខាងលើនោះរួមមានចំនួន៨នាក់ ក្នុងនោះ៧នាក់បានកោសក់ កោរចិញ្ចើម និងកោរពុកមាត់ ស្លៀកស្បង់ចីវរក្លែងខ្លួនជាសង្ឃ រួមមាន១-ឈ្មោះ ខាត់ ទិត្យ អាយុ២៨ឆ្នាំ មានទីលំនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត
២-ឈ្មោះ ឈិន មិនា អាយុ១៦ឆ្នាំ
៣-ឈ្មោះ ញិន សុខជាតិ អាយុ១៥ឆ្នាំ
៤-ឈ្មោះ ជៀវ តាក់ អាយុ៥៧ឆ្នាំ ទាំង៣នាក់នេះមានទីលំនៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត
៥-ឈ្មោះ សៀន ម៉ូវ អាយុ៤២ឆ្នាំ រស់នៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត
៦-ឈ្មោះ ផាន់ ប៊ុននុត អាយុ១៤ឆ្នាំ មានទីលំនៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
៧-ឈ្មោះ ញិន គឹម អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងត្រាញ់ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត ។
ចំណែកម្នាក់ទៀតដែលជាជនទី៨-ឈ្មោះ គិន ប៉ាវ អាយុ៥៥ឆ្នាំ ជាអ្នកបើកបររថយន្ត រស់នៅភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។
កម្លាំងនគរបាលដកហូតបានបាត្រ ឆ័ត្រ និងស្បង់ចីវរ ចំនួន៧ឈុត ព្រមទាំងរថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX-470 ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2J-9003 ។
នគរបាលខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា មុនពេលត្រូវឃាត់ខ្លួន ជនខិលខូច១ក្រុមនេះបានជិះរថយន្ត១គ្រឿងខាងលើចេញពីផ្ទះមកកាន់រាជធានីភ្នំពេញ ហើយបាននាំគ្នាសម្លៀកបំពាក់ស្លៀកស្បង់ចីវរនៅក្នុងរថយន្តរួចរាល់ ទើបចុះដើរបិណ្ឌបាត្រតាមផ្ទះ និងទីផ្សារ ព្រមទាំងនៅតាមភូមិនានា លុះក្រោយពេលបិណ្ឌបាត្របានចំណីអាហារ និងរបស់របរលុយកាក់មួយចំនួនហើយ ក៏បាននាំគ្នាឡើងជិះរថយន្ត រួចបានដោះស្បង់ចីវរចេញនិងស្លៀកពាក់ខោអាវវិញ។
នគរបាលរូបនោះបានបញ្ជាក់ប្រាប់បន្ថែមទៀតថា ចៃដន្យត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យប្រទះឃើញកំពុងតែផ្លាស់ស្បង់ចីវរនៅក្នុងរថយន្តក៏បានរាយករណ៍ជូនលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នាំកម្លាំងចុះទៅឡោមព័ទ្ធចាប់ខ្លួនបានទាំងសម្បុកតែម្ដង។ បន្ទាប់មកបាននាំទៅសាកសួរនិងចាត់ការតាមច្បាប់ ហើយជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានក្លែងខ្លួនជាព្រះសង្ឃពិតមែន ។ កន្លងមកពួកខ្លួនបានចេញដើរបិណ្យបាត្រនៅតាមភូមិនានា នៅក្នុងខណ្ឌជាយរាជធានីភ្នំពេញចំនួន៣ ក្នុងនោះមានខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ៕
ដោយ តាំង វ៉ៃ