ដីព្រៃលិចទឹកក្នុងតំបន់3ក្នុងឃុំកំពុងគោ ស្រុកកំពង់ស្វាយ កំពុងទទួលរងនូវការចូលឆាយយកធ្វើជាកម្មសិទ្ធិពីជនឆក់ឱកាសមួយចំនួន!
(កំពង់ធំថ្ងៃសុក្រទី៨ខែកញ្ញាឆ្នាំ២០២៣)
ដីព្រៃលិចទឹកក្នុងតំបន់ 3 ដែលជាដែនជម្រកជីវៈចម្រុះសម្រាប់ពងនិងកូនដើម្បីបន្តពូជ ដែលស្ថិតនៅចំណុចចាឡៃ ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំជាច្រើនហិតាកំពុងតែទទួលរងនូវការកាប់ឈូសឆាយបំភ្លេចបំផ្លាញដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិពីសំណាក់ជនឆក់ឱកាសមួយចំនួនដែលបានកេងចំណេញ លើធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋដោយពុំមានខ្លាចរអែងញញើតអំពីច្បាប់ទម្លាប់បន្តិចសោះឡើយ។
ជាក់ស្ដែងដីព្រៃភ្លេចទឹកដែលជាដែនជម្រកជីវចម្រុះសម្រាប់ត្រីពងកូនដែលស្ថិតនៅក្នុង ចំណុច ភូមិ ឃុំ ស្រុកខាងលើ ជាច្រើនកន្លែងនិងជាច្រើនហិតាត្រូវបានគេលួចឈូសឆាយកាប់ទន្ទ្រានយកតាមតែអំពើចិត្តដោយពុំមានធ្វើឲ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីជំនាញប្រចាំការតាមគោលដៅនៅទីនោះមានការរវល់ជាមួយនឹងសកម្មភាពយ៉ាងគក្លើននោះសោះឡើយ។
ចំពោះសកម្មភាពនៅក្នុងការឈូសឆាយដីព្រៃលិចទឹកយកមកធ្វើជាកម្មសិទ្ធិចំណុចចាឡៃ ក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ.ស្ថិតក្នុងតំបន់ 3 ដែលជាតំបន់ដែលត្រូវបានហាមឃាត់ដោយក្រសួងកសិកម្មនិងរាជរដ្ឋាភិបាលនោះ អ្នកស្រីច្រឹប ដែលត្រូវបានគេដឹងថាមានត្រាក់ទ័រមួយគ្រឿងបានចូលទៅឈូសឆាយទន្ទ្រានដីព្រៃលិចទឹកស្ថិតនៅក្នុងតំបន់ 3 នោះបានបញ្ជាក់ឲ្យដឹងថា ដីរបស់អ្នកស្រីមាន10 ហិចតា ដែលកំពុងតែធ្វើការឈូសឆាយនោះ គឺអ្នកស្រីបានទិញពីលោក យេន.ឌីម៉ង់ (ហៅម៉ង់)ដែលជាអតីតប្រធានសហគមន៍បានលក់ឱ្យអ្នកស្រីក្នុងមួយហិចតាតម្លៃ700ដុល្លាររសហរដ្ឋអាមេរិក ។
លោកយេនឌីម៉ង់ហៅម៉ង់អតីតប្រធានសហគមន៍ឃុំកំពង់គោដែលបច្ចុប្បន្នមានតួនាទីជាក្រុមប្រឹក្សាឃុំ។បានបញ្ជាក់ឲ្យនយោគព័ត៌មានយើងដឹងថាក្នុងនាមលោកជាប្រធានសហគមន៍លោកបានយល់ពីច្បាប់ទម្លាប់យ៉ាងច្បាស់លាស់ពីសកម្មភាពថែរក្សាការពារព្រៃសហគមន៍ដែលជាសម្បត្តិរបស់រដ្ឋគឺលោកពុំដែលបានលក់ដីព្រៃចំណុចចាឡៃ ក្នុងខ្សាច់ជីរស់ ឃុំកំពង់គោ ឲ្យទៅអ្នកស្រី ច្រឹប ដូចជាការលើកឡើងរបស់អ្នកស្រីនោះឡើយ។
ម្យ៉ាងវិញទៀតបើអ្នកស្រីចរិតថាលោកជាអ្នកលក់អោយសូមបង្ហាញលិខិតស្នាមទិញលក់នោះផង។
លោក ម៉េង ឡុង ប្រធានសហគមន៍ក្នុងឃុំកំពង់គោអ្នកយកព័ត៌មានយើងពុំអាចសុំការបំភ្លឺទាក់ទងទៅនឹងបញ្ហានេះបាននោះទេ។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានបញ្ជាក់ឲ្យអ្នកយកព័ត៌មានដឹងថា ចំពោះសកម្មភាពលួចឈូរឆាយដីព្រៃក្នុងតំបន់ 3 ដែលស្ថិតនៅឃុំកំពង់គោស្រុកកំពង់ស្វាយខេត្តកំពង់ធំនោះ លោកបានរៀបចំចាត់ចែងកសាងសំណុំរឿងដាក់បញ្ជូនទៅកាន់តុលាការរួចរាល់អស់ហើយ។ ហើយដីដែលត្រូវបានគេលួចឆាយចន្ទ្រានយកទៀតនោះ ក៏រដ្ឋបាលខេត្តនឹងត្រូវដកហូតយកមកទុកជាសម្បត្តិរដ្ឋវិញនោះដែរ៕
ដោយ សំនៀង