លោក ចាន់ សុឃឿន ផ្កាយ១ រងការចោទប្រកាន់ ពីលោកទៀវ ប៊ុនខេង ផ្កាយ៣ថា៖ បានជួលគ្រឿងចក្រ លួចភ្ជួរលើដីកម្មសិទ្ធិរបស់លោក នៅភូមិសាស្រ្តខេត្តកំពង់ធំ
(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ចាន់ សុឃឿន តួនាទីស្នងការរងស្រាវជ្រាវព័ត៌មានសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានលោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អតីតមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្នជាទីប្រឹក្សាអគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ ចោទប្រកាន់ថាបានជួលគ្រឿងចក្រ ត្រាក់ទ័រលួចភ្ជួរលើដីកម្មសិទ្ធិរបស់លោក ចំនួន៣៥០ ហិកតា នៅចំណុចទួលធម្ម ស្ថិតក្នុងភូមិសាស្ត្រឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នាព្រឹកថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ចាន់ សុឃឿន មិនចង់និយាយអ្វីច្រើននោះទេគឺសូមឱ្យក្រឡេកមើលទីតាំងខាងលើនោះដាក់ផ្លាកថា កសិដ្ឋានស្រែប្រាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ហើយរឿងលោកទៀវ ប៊ុនខេង បកស្រាយយ៉ាងណាជារឿងរបស់គាត់ ប៉ុន្តែដីនោះ លោកទៀវ ប៊ុនខេង បានសន្យាឱ្យក្រុមការងារខ្ញុំហើយ ក្នុងនោះក៏មានថ្នាក់ដឹកនាំមួយចំនួនបានដឹងឮផងដែរ។
ទាំងនេះជាការលើកឡើងរបស់លោក ចាន់ សុឃឿន តែប៉ុណ្ណោះ ដោយឡែកលោក ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង ទីប្រឹក្សាអគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ បានបញ្ជាក់ថា ដីខាងលើនេះលោកបានទទួលសិទ្ធិពី ឯកឧត្តមណាំ ទុំ អតីតអភិបាលខេត្តកំពង់ធំក្នុងឆ្នាំ២០០៧ ចំនួន៣៥០ហិចតា ហើយលោកបានអាស្រ័យផលលើដីនេះរហូតមក រយៈពេល១៦ឆ្នាំហើយ ដោយមានប្រជាពលរដ្ឋ អាជ្ញាធរភូមិ/ឃុំ/ស្រុក និងថ្នាក់ខេត្តបានដឹងឮផងដែរ។ លោកបន្តទៀតថា បើភាគី លោកចាន់ សុឃឿន ថាដីខាងលើនេះជារបស់គាត់សូមភាគីនោះយកឯកសារចេញមក ម៉្យាងទៀតប្រសិនជាលោក ចាន់ សុឃឿន អះអាងថាដីនេះខ្ញុំបានប្រគល់ឱ្យគាត់ ក៏សូមយកឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខា តែប្រសិនជាគ្មានហត្ថលេខាពីខ្ញុំទេ បានន័យថាខ្ញុំពុំបានមានចិត្តប្រគល់ដីឲ្យឱ្យគាត់ឡើយ។ ក្នុងនោះលោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង សង្កត់ធ្ងន់ថាខ្ញុំផ្កាយ៣ ហើយគាត់ផ្កាយ១ មានមូលហេតុអីដែលខ្ញុំត្រូវប្រគល់ដី ជាកម្លាំងញើសឈាមរបស់ខ្ញុំឱ្យគាត់ ដោយស្រួលៗនោះ។
គួរបញ្ជាក់ផងដែរ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ អ្នកសារព័ត៌មានមួយក្រុមបានទៅដល់ទីតាំងដីស្រែខាងលើ បានប្រទះឃើញមានត្រាក់ទ័រ ធ្វើសកម្មភាពភ្ជួរដីពិតប្រាកដមែន។ ជាមួយគ្នានោះប្រជាពលរដ្ឋម្នាក់នៅក្នុងឃុំសានគរបានលួចខ្សឹបថា ដីនេះជាដីរបស់លោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង ពិតប្រាកដមែន ហើយលោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បានអាស្រ័យផល ជារៀងរហូតមក ស្រាប់តែរយ:ពេលចុងក្រោយ លេចមុខលោកឧត្តមសេនីយ៍ត្រី ចាន់ សុឃឿន មកភ្ជួរវិញ ដោយមានកម្លាំងអាវុធហត្ថ ស្រុកកំពង់ស្វាយ មកយាមឲឱ្យទៀតផង៕
ដោយសំនៀង