អង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ និងវរសេនាតូចលេខ២៤០ ប្រចាំខេត្តព្រះសីហនុ ចេញអន្តរាគមន៍ជួយសង្រ្គោះសាឡង់ដឹកខ្សាច់ សង្រ្គោះបានមនុស្សចំនួន ០២នាក់ ដែលបានលិចដោយសារមានភ្លៀងធ្លាក់ ខ្យល់បោកបក់ខ្លាំង និងរលកធំៗ
MC÷ ទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចាត់តាំងកម្លាំងអង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ និងវរសេនាតូចលេខ២៤០ ប្រចាំខេត្តព្រះសីហនុ ចេញអន្តរាគមន៍ជួយសង្រ្គោះមនុស្សចំនួន ០២នាក់ នៅលើសាឡង់ដឹកខ្សាច់
ដែលបានលិចនៅចំណុចនិយាមការលេខ 10°45’70.92”N 103°32’22.60”E ខាងលិចកោះដូង ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅវេលាម៉ោង ០៨:១៥ នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក ម៉ូ មឿន មេបញ្ជាការបង្ក្រាបនៅលើផ្ទៃសមុទ្រប្រចាំការកោះព្រាប បានឲ្យដឹងថា មូលហេតុដែលសាឡង់នេះលិចដោយសារមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បោកបក់ខ្លាំង និងរលកធំៗ ដែលសាឡង់ មានបណ្ដោយប្រវែង ៥៧ម៉ែត្រ ទទឹង ១០.៤ម៉ែត្រ ពណ៌ទឹកប៉ិច លេខសាឡង់: AG-21190 មានផ្ទុកខ្សាច់ចំនួន ៦០០ម៉ែត្រគីប របស់ក្រុមហ៊ុនGreen Power ។
ជនរងគ្រោះដែលកម្លាំងអន្តរាគមន៍អង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ និងវរសេនាតូចលេខ២៤០ ប្រចាំខេត្តព្រះសីហនុជួយសង្រ្គោះបានចំនួន ០២នាក់នោះ
១ឈ្មះ-ឡេ ហ៊ួយថាន់ ភេទប្រុស អាយុ ៤៨ឆ្នាំ ស្រុកកំណើត ក្រុងហ្គាំងធឺ ខេត្តគៀងយ៉ាង ប្រទេសវៀតណាម ជាតៃកុង សាឡង់ ។
២ឈ្មោះ-ឡេ តាន់ហាយ ភេទប្រុស អាយុ ៥១ឆ្នាំ ស្រុកកំណើត ក្រុងហ្គាំងធឺ ខេត្តគៀងយ៉ាង ប្រទេសវៀតណាម ។
បច្ចុប្បន្នជនរងគ្រោះទាំង២នេះ សមត្ថកិច្ចយេីងបានជួយសង្រ្គោះយកមកដល់អង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ ដោយសុវត្ថិភាព ៕