ស្រវឹងស្រាចុះដាក់ស្បៃអ៊ុយរអិលធ្លាក់ចូលលូទឹកបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម
(បាត់ដំបង) បុរសវ័យចំណាស់ម្នាក់បានផឹកស្រាស្រវឹងជោកជាំរួចចុះទៅដាក់ស្បៃអ៊ុយដើម្បីពាំងរកត្រី ក៏រអិលធ្លាក់ចូលលូទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅ នៅចំណុច ក្បាលហុង ស្ថិតក្នុងក្រុមទី៧ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ រឿម លឿន ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង់។
តាមការបំភ្លឺពីក្រុមគ្រួសារសពបានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹង បន្ទាប់មកបានយកស្បៃអ៊ុយទៅដាក់ពាំងរកត្រីនៅចំណុច ក្បាលលូកន្លែងកើតហេតុ ក្រោយមកក៏រអិលជើងធ្លាក់ចូលមុខលូទឹកប្រឡាយបណ្តាលអោយបាត់ខ្លួនរយះ៦ម៉ោង ទើបរកឃើញសាកសពនៅក្នុងប្រលាយទឹកខាងកើតកន្លែងកើតហេតុចំងាយប្រហែល៣០ម៉ែត្រ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសពរួចធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕