“កម្ពុជា និងចិន បានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែង រួមគ្នានាពេលបច្ចុប្បន្ន ក្នុងការជំរុញទំនាក់ទំនងយ៉ាងស្អិតរមួត និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ ហើយភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមក”
។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយកាលពីរាត្រី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ អំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា។
បន្ថែមពីលើនេះ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់ នៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង និងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្ររវាងកម្ពុជា និងចិនផងដែរ។ ហើយភាគីទាំងពីរ ក៏បានបង្ហាញពីបំណងរួមគ្នាក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ រួមទាំងរវាងក្រសួងការបរទេស និងក្រសួងការពារជាតិផងដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានាពេលបច្ចុប្បន្ន ក្នុងការជំរុញទំនាក់ទំនងយ៉ាងស្អិតរមួត និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។
កម្ពុជា និងចិន ក៏បានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ដោយភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនតែមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ កម្ពុជាប្រឆាំងចំពោះការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។
ដោយឡែក ភាគីចិនបានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។
ភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដី នៃប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ៕
ដោយ:SOK SOPHORN