ក្រចេះ៖ បុរសវ័យជាង៣០ឆ្នាំម្នាក់បានឡើងទៅលើដំបូលផ្ទះមួយកន្លែងដើម្បីយកសម្ភារៈផ្សារដែកចុះមកក្រោមវិញ ក៏ទៅបះនឹងខ្សែកាបអគ្គិសនី ក៏ឆក់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃទី១៤ខែមិថុនាឆ្ឆ្នាំ២០២១ ។
មន្ត្រីនគរបាលស្រុកចិត្របុរីបានឲ្យដឹងថា៖ ករណីឆក់ខ្សែភ្លើងបង្កឲ្យមនុស្សម្នាក់រងរបួសនេះ បានកើតឡើងនៅភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ កង គង់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក រស់នៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
មន្ត្រីនគរបាលបន្តឲ្យដឹងថា៖ នៅវេលាកើតហេតុខាងលើ ឈ្មោះ កង គង់ បានទៅស៊ីឈ្នួលធ្វើដំបូលផ្ទះប្រក់សង្ក័សីរបស់ម្ចាស់ផ្ទះឈ្មោះ បិន វិត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើទាហាន នៅភូមិ ឃុំកើតហេតុខាងលើ ពេលនោះបានផ្សារធ្វើដំបូលរួចរាល់ហើយ ឈ្មោះ កង គង់ ជាជនរងគ្រោះ ក៏បានឡើងទៅលើដំបូលផ្ទះដើម្បីប្រមូលយកសម្ភារៈប្រើប្រាស់ចុះមកក្រោមវិញ ស្រាប់តែខណៈនោះជនរងគ្រោះបានប៉ះខ្លួនទៅហ្នឹងខ្សែកាបមេភ្លើងអគ្គិសនីរបស់រដ្ឋដាក់តាមបណ្ដោយផ្លូវជាតិដែលនៅពីលើដំបូលផ្ទះនោះ បណ្តាលឲ្យឆក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។(សារិទ្ធ)