ខេត្តរតនគិរី÷ រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់ នេះបើតាមការបញ្ជាក់ពីរដ្ឋបាលខេត្តរតនគិរីនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ ទី១-ឈ្មោះ វឿន វុទ្ធីភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន មានទីលំនៅអចិន្ត្រៃយ៍ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។ ទី២-ឈ្មោះ សៀវ គឹមឡុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបររថយន្ត មានទីលំនៅអចិន្ត្រៃយ៍ ភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ និងទី៣-ឈ្មោះ នៃ សៅសោភ័ណ្ឌភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបររថយន្តដឹកទំនិញ មានទីលំនៅអចិន្ត្រៃយ៍ ភូមិកោះចាស់ ឃុំកោះមិត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងនោះឈ្មោះ វឿន វុទ្ធី និងឈ្មោះ សៀវ គឹមឡុង ជាអ្នកបើកបររថយន្ត និងព្រូឡានជាមួយគ្នា តែងតែដឹកជញ្ជូនភ្ញៀវពីខេត្តរតនគីរី ឆ្ពោះទៅរាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចគោលដៅត្រួតពិនិត្យបឋមស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ដោយឡែកឈ្មោះ នៃ សៅសោភ័ណ្ឌ ជាងអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវបានរកឃើញជំងឺកូវីដ១៩ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចគោលដៅត្រួតពិនិត្យបឋមអូររវាក់ ព្រំប្រទល់ខេត្តរតនគិរីនិងខេត្តមណ្ឌលគិរី។
បច្ចុប្បន្នអ្នកវិជ្ជមាននិងអ្នកពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហមស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំខេត្តរតនគីរី៕ដោយ កូននាគឆ្លងដែន