សមត្ថកិច្ចស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង កំពុងតាមប្រមាញ់
ជនដៃដល់បង្កអំពើហិង្សា នៅក្នុងគ្រួសារបង្កឱ្យមានរបួសស្នាមធ្ងន់ធ្ងរ
M.C កម្លាំង អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានរៀបចំ សំណុំបែបបទ ឡើងទៅ ស្នងការនគរបាលខេត្ត ដើម្បីអនុវត្តនីតិវិធី តាមប្រមាញ់ជនដៃដល់ យកមកអនុវត្ត តាមច្បាប់ បន្ទាប់ពីបង្ក អំពើហិង្សាក្នុងគ្រួសារ រួចហើយរត់គេចខ្លួនក្នុងរយៈពេលបីថ្ងៃមកហើយដែលពុំព្រមចូលខ្លួនមកសារភាព។
នៅស្រុកថាឡាបរិវ៉ាត់ ថ្ងៃទី 27 មិថុនាឆ្នាំ 2021 នេះ លោកវរសេនីយ៍ទោសែមស៊ីថា អធិការស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ឲ្យដឹងថា៖ សមត្ថកិច្ចជំនាញ កំពុងតាម ឃាត់ខ្លួនជនដៃដល់ ឈ្មោះទូចសារុនភេទប្រុស អាយុ២៨ ឆ្នាំ នៅភូមិកាំងតេជោ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ យកមក ធ្វើការអប់រំ ក្រោយពីជននេះ បានប្រព្រឹត្តអំពើហិង្សា នៅក្នុងគ្រួសារ កាលពីយប់ថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២១។
លោកវរសេនីយ៍ទោបានបន្ថែមថា៖ ករណីហិង្សានេះ បានបង្កឡើង បន្ទាប់ពីមានការស៊ីផឹក នៅក្នុងគ្រួសារ ហើយបង្កជម្លោះ ជនសង្ស័យឈ្មោះទូចសារុន បានយកចានបាយ(ចានថ្ម) គប់ទៅលើឈ្មោះទូចពាន់ ភេទប្រុសអាយុ ៣៨ឆ្នាំជាបងបង្កើត បង្កជារបួសស្នាម យ៉ាងធ្ងន់ធ្ងរ ។
ករណីនេះ បន្ទាប់ពីប្រជាពលរដ្ឋក៏បាន សុំអន្តរាគមន៍ពីសមត្ថកិច្ច កម្លាំងនគរបាលអធិការស្រុក បានចុះទៅដល់ទីតាំងកើតហេតុ និងបញ្ជូនជនរងគ្រោះ មកមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង ដើម្បីធ្វើការជួយសង្គ្រោះឲ្យរួចជីវិត ពីគ្រោះថ្នាក់នេះផងដែរ ។
ប្រជាពលរដ្ឋនាក់ នៅក្នុងភូមិកាំងតេជោនេះ បានអះអាងថា៖ ក្រុមគ្រួសារមួយនេះ មិនដែលបង្កើតនៅ មុខរបររកស៊ីអ្វី ឲ្យរីកចម្រើនក្នុងគ្រួសារនោះទេ បង្កើតតែអាជីពជម្លោះក្នុងគ្រួសារ បង្កអំពើហិង្សា វ៉ៃកាប់ចាក់តែបងប្អូនឯង បង្កឱ្យមានភាព អសន្តិសុខនៅក្នុងភូមិ ហើយប្រជាពលរដ្ឋក៏ខ្លាចរអាផងដែរ។
បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិនេះ សូមស្នើឱ្យ សមត្ថកិច្ចនគរបាល អនុវត្តនូវនីតិវិធីឲ្យបានម៉ឺងម៉ាត់ ពិសេសជាងនេះ ត្រូវធ្វើការអប់រំ និងតម្រូវឱ្យកិច្ចសន្យាត្រឹមត្រូវដើម្បី ជៀសវាងកុំឱ្យ បង្កអំពើហិង្សាក្នុងគ្រួសារ ធ្វើឲ្យប៉ះពាល់ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាល តម្រូវឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយើងគ្រប់រូប ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនោះ។
ស្ទឹងត្រែង ២៧ ០៦ ២០២១
0
សមត្ថកិច្ចស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង កំពុងតាមប្រមាញ់ ជនដៃដល់បង្កអំពើហិង្សា នៅក្នុងគ្រួសារបង្កឱ្យមានរបួសស្នាមធ្ងន់ធ្ងរ

Filed in: សន្តិសុខ សង្គម