ទោះបងប្រុសបង្កើត ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនដែរ បើបែកថ្នាំម្តងៗវាយបំផ្លាញខ្ទេចខ្ទីយ៉ាងនេះ
បន្ទាយមានជ័យ៖ ទោះបងបង្កើតក៏ទ្រាំមិនបាន ពេលជក់គ្រឿងញៀនបែកម្តងៗ វាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចខ្ទីគ្មានសល់ច្រើនលើកច្រើនសារពេក ប្តឹងអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី28 ខែមិថុនា ឆ្នាំ2021 ចាត់ការតាមច្បាប់។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយពេល លោក សិទ្ធ ហ្វាហ្ស៊ី ភេទប្រុស អាយុ39ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានប្តឹងមកកងរាជអាវុហត្ថក្រុង ឲ្យឃាត់ខ្លួនបងប្រុសបង្កើតរបស់ខ្លួនជាជនសង្ស័យឈ្មោះសិទ្ធ សាក់រ៉ានី ភេទប្រុស អាយុ41ឆ្នាំ ដែលបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះដោយចេតនា និងប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់
លោកមេបញ្ជការបានបញ្ចាក់ថា ពេលសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រើគ្រឿងញៀនជាប្រចាំពេល ខឹងនឹងប្អូនគេម្ដងៗ រូបគេតែងតែដុតបំផ្លាញសម្ភារ:នៅក្នុងផ្ទះ ជាច្រើនដងមានដូចជា តុ ទូ ទូរទស្សន៍ និងសម្ភារ:ផ្សេងៗទៀតផងដែរ។
ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សិទ្ធ សាក់រ៉ានី ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
0
ទោះបងប្រុសបង្កើត ក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនដែរ បើបែកថ្នាំម្តងៗវាយបំផ្លាញខ្ទេចខ្ទីយ៉ាងនេះ

Filed in: សន្តិសុខ សង្គម