ដីព្រៃបម្រុងស្មាច់ រាប់រយហិចតា ត្រូវបានក្រុមខិលខួចកាប់ទន្រ្ទាន ក្នុងស្រុកបូទុមសាគរកើតឡើងពេញបន្ទុក ពលរដ្ឋស្នើរ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង គួរពិនិត្យឡើងវិញ
ខេត្តកោះកុង ÷ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទាល់តែមានការឃុប ឃិតជាប្រព័ន្ធ ទើបឈ្មួញ អ្នក មានលុយអ្នកមានអំណាច អាចធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃបម្រុងស្មាច់តាមអំពើចិត្តរាប់រយហិចតា នៅភូមិព្រលាន ឃុំកណ្តោល ស្រុកបុទុមសាគរ ដោយមិនខ្លាចញញើតនិងផ្លូវច្បាប់បែបនេះ ។
ក្នុងនោះមន្រ្តីបរិស្ថានប្រចាំតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ក៏ដូចជាមេឃុំកណ្តោល និង អាជ្ញាធរស្រុកបូទុមសាគរ មិនអាចឆ្លើយយករួចខ្លួនបានឡើយ ដោយហេតុថា ត្រឹមរយៈពេលប្រមាណជា២ទៅ៣ខែប៉ុណ្ណោះ ដីព្រៃស្មាច់រាប់រយហិកតាក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវអ្នកមានលុយអ្នកមានអំណាចទន្ទ្រានកាន់កាប់យ៉ាងរលូន ខណៈអាជ្ញាធរមាន សមត្ថកិច្ច និងជំនាញពាក់ព័ន្ធហាក់ធ្វើមិនដឹងមិនឮ និងគ្មានចំណាត់ការ ។
ប្រភពពីប្រជាពលរដ្ឋនៅភូមិព្រលាន និងភូមិតាំកន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង បានឲ្យដឹងថា ក្រុមអ្នកទន្រ្ទានកាន់កាប់ដីព្រៃស្មាច់រាប់រយហិកតា នៅតែគេចផុតពីវិធានការផ្លូវច្បាប់ ខណៈអាជ្ញាធរនៅពុំទាន់បានវែកមុខអ្នកទន្រ្ទាន យកមកណែនាំ ឬចាត់វិធានការតាមផ្លូវច្បាប់នៅឡើយ ។
ប្រការនេះហើយទើបអ្នកមានលុយអ្នកមានអំណាចមួយចំនួន អាចធ្វើសកម្មភាពទន្ទ្រានកាន់ កាប់ដីព្រៃស្មាច់ រាប់រយហិចតា នៅក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ យ៉ាងស្រួល ដោយមិនមានការខ្វាយខ្វល់ពីផលប៉ះពាល់ ឬវិធានការផ្លូវច្បាប់ណាមួយមកលើពួកគេនោះឡើយ ។
ប្រជាពលរដ្ឋក្នុងឃុំកណ្តោល បានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីមេឃុំកណ្តោល និង អាជ្ញាធរស្រុកបូទុមសាគរ ទេនោះ គឺសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃស្មាច់ នៅក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ មិនអាចកើតឡើងបានទេ ។
ក្រុមឈ្មួញដែលធ្វើសកម្មភាពបំផ្លាញព្រៃស្មាច់ យ៉ាងមហន្ត រាយនៅឃុំកណ្តោល ត្រូវបានមន្រ្តីអាជ្ញាធរថ្នាក់ឃុំ/ស្រុក ស្គាល់អត្តសញ្ញាណយ៉ាងច្បាស់ ប៉ុន្តែមន្រ្តីអាជ្ញាធរបែរជាមិនហ៊ានចាត់ការពួកគេឡើយ ដូច្នេះពលរដ្ឋក្នុងស្រុកបូទុមសាគរ បានស្នើរសុំយ៉ាងទទួលដល់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង គួរពិនិត្យឡើងវិញជាបន្ទាន់ផង ព្រោះរយៈ ពេលប្រមាណត្រឹម២ទៅ៣ខែ ប៉ុណ្ណោះ ដីព្រៃបម្រុងស្មាច់រាប់រយហិចតា បានដួលរាបដល់ដីអស់ទៅហើយ ។
ជុំវិញបញ្ហាខាងលើ លោក សុន ប៊ុនថាន ប្រធានបរិស្ថានស្រុក ស្រែអំបិល និងជាអ្នកកាន់កាប់តំបន់ប្រើប្រាស់ច្រើនយ៉ាងដង ពែង បានថ្លែងអោយដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះថា ក្រោយកិច្ចប្រជុំជាមួយអាជ្ញាធរ បានពិនិត្យឃើញថា ដីបម្រុងស្មាច់ដែលត្រូវបានក្រុមឈ្មួញខិលខូចលួចទន្រ្ទាននាពេលកន្លងមក គឺស្ថិតអនុក្រិត្យលេខ៣០ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង និងអាជ្ញា ធរស្រុកបូទុមសាគរ ខណៈជំនាញបរិស្ថានត្រឹមជាក្រុមកា រងារសហការតែប៉ុណ្ណោះ ។
លោកបានបន្តថា សកម្មភាពនេះ ត្រូវបានអាជ្ញាធរចុះធ្វើការហាម ឃាត់ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការទន្រ្ទានជាពលរដ្ឋមួយចំនួនរួចហើយ តែបើពួក គាត់នៅតែរឹងរូសបន្តសកម្មភាពទៀតនោះ ពួកគាត់នឹងប្រឈមផ្លូវច្បាប់ជាមួយតុលាការជាក់ជាមិនខាន ហើយចំពោះពាក្យចចាមអារ៉ាមដែលឮតគ្នាៗថា មានអ្នកមានលុយនិងមាន អំណាចនៅពីក្រោយខ្នងនោះ គឺលោកពុំអាចបញ្ជាក់បាននោះទេ ដោយសារពុំមានភស្តុតាងច្បាស់ លាស់ ។
ដោយឡែក លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានថ្លែងអោយដឹងនៅថ្ងៃដដែលនេះថា ដីបម្រុងស្មាច់នៅខាងក្រៅទំនប់ទឹកប្រៃ ដែលត្រូវបានក្រុមឈ្មួញខិលខួចលួចកាប់ទន្រ្ទាននោះ ខាងអាជ្ញាធរបានដាក់ពាក្យបណ្តឹងអារញត្តជន និងដាក់ពាក្យបណ្តឹងទៅតុលាការរួច ហើយ ហើយខាងរដ្ឋបាលខេត្តក៏បានចេញសេចក្តីសម្រេចមោគភាពរាល់ការកាប់ទន្ទ្រាន ដោយរក្សាដីព្រៃនេះជាសម្បត្តិសាធា រណៈរបស់រដ្ឋ ចំពោះបុគ្គលណាដែលនៅតែបន្តលួចទន្រ្ទានកាប់ ឆ្ការដីបម្រុងស្មាច់ដោយគ្មានច្បាប់អនុញ្ញាត និងត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ ។
លោក សុខ សុទ្ធី បានបន្តថា ដីនៅជាប់ផ្លូវជាតិ៤៨មួយចំនួន គឺធ្លាប់មានលិខិតកាន់កាប់ តែត្រូវបានអាជ្ញាធរសម្រេចនិរាករណ៍ចោលដោយសារជាប់ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង តែក្រោយមកដីមួយចំនួនបានកាត់ចូលក្នុងអនុក្រិត្យលេខ៣០ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះ កុង ហេតុនេះលិខិតកាន់កាប់អាចមានប្រសិទ្ធិភាពក្នុងការប្រើប្រាស់ឡើងវិញ តែបើទោះជាយ៉ាងនេះក្តី ពលរដ្ឋនៅតែពុំអាចសំអាងលើលិខិតកាន់កាប់ហើយចូលកាប់ឆ្ការដីព្រៃតាមអំពើចិត្តរបស់ខ្លួនបានឡើយ ពោលគឺត្រូវធ្វើលិខិតស្នើរសុំតាមរយះអាជ្ញា ធរមូលដ្ឋានមកថ្នាក់ខេត្តជាមុនសិន ៕