ឃាត់ខ្លួនមនុស្សប្រុសស្រីជាង៣០នាក់ពាក់ព័ន្ឋនិងការចែកចាយនិងប្រើប្រាស់ គ្រឿងញៀន
ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុសស្រីចំនួន៣៣នាក់ ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តកំពង់ស្ពឺព្រមទាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានសហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួល ពីលោក
ជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺបានបង្ក្រាបក្រុមជនសង្ស័យប្រុសស្រី ពាក់ព័ន្ធនិងការចែកចាយនិងប្រើប្រាស់ គ្រឿងញៀនឆ្លងខេត្ត។
ការបង្ក្រាបក្រុមជនសង្ស័យប្រុសស្រី ជាង៣០នាក់នេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។
តាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធមូលដ្ឋានស្រុកភ្នំស្រួចថាការបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រីចំនួន៣៣នាក់ ក្នុងនោះមានស្រីម្នាក់ ពាក់ព័ន្ឋចែកចាគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន។ ក្រុមជនសង្ស័យទាំង៣៣នាក់ខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណនិងអាស័យដ្ឋាននៅឡើយទេ។
តាមការបញ្ជាក់ពីមន្ត្រីអាវុធហត្ថថា នៅមុនពេលឈានដល់ការបង្ក្រាបក្រុមជនសង្ស័យទាំងសំបុកនេះ គឺកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ជនសង្ស័យ បានសួរនាំរហូតឈានមកឃាត់ខ្លួនមនុស្សទាំង៣៣នាក់នៅខេត្តកំពង់ស្ពឺនេះ ហើយបាននាំខ្លួនបន្ត។
ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះ កម្លាំងអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖
១. ម្សៅសក្រាមចំនួន៦៨កញ្ចប់និងថ្នាំគ្រាប់ពណ៌ក្រហមចំនួន១០គ្រាប់(មិនទាន់ថ្លឹងដឹងចំនួនពិតប្រាកដនៅឡើយទេ)
២. ដបជក់ថ្នាំចំនួន០៤ ខ្សៀជក់ចំនួន០៥ ថង់ច្រកថ្នាំមួយចំនួន
៣. អាវុធខ្លី០១ដើម ម៉ាកK៥៩ លេខ៣៧២៧ គ្រាប់ចំនួន០៦គ្រាប់ បង់០១
៤. ម៉ូតូចំនួន១០គ្រឿង
៥. ទូរស័ព្ទចំនួន១៣គ្រឿង
៦. power bank០១
៧. កន្ត្រៃចំនួន០៣
៨. ដាវចំនួន០១
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៣៣នាក់រួមជាមួយវត្ថុតាង សម្ភារៈ ទាំងអស់បានប្រគល់ទៅឱ្យ ជំនាញ កងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីធ្វើការសួរនាំនិងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕