កោះកុង (ថ្ងៃទី ១៨ ខែមិនាឆ្នាំ២០២២ )
សំរាមគឺជាប្រភពដែលនាំឱ្យមានមានការចំលងមេរោគផ្សេងៗតាមរយៈសត្វរុយដែលបានទៅរោមហើយទៅទុំលើចំណីអាហារដែលជាហេតុបង្កឲ្យកើតជំងឺផ្សេងៗដូចជាការរាគរូសក្អួតចង្អោរនឹងវីរុសផ្សេងៗទៅតាមការចម្លងរបស់សត្វរុយនោះផងដែរ។
នាពេលបច្ចុប្បន្ននេះគេបានសង្កេតឃើញថាមានពលរដ្ឋមួយចំនួនពុំបានទទួលយកសេវាម៉ៅការកាកសំណល់នោះឡើយដោយពួកគាត់ខ្លាចបាត់បង់នូវថវិកាបន្តិចបន្តួចហើយពួកគាត់តែងតែយកសំរាមទៅចាក់ចោលពាសវាលពាសកាលដោយពុំបានគិតអំពីអនាម័យនិងបរិស្ថាននៅជុំវិញមូលដ្ឋានរបស់គាត់នោះទេ។
លោកម៉ក់ ម៉ាច ដែលជាអ្នកម៉ៅការដឹកជញ្ជូនកាកសំណល់នៅឃុំថ្មសបានបង្ហើបឱ្យអ្នកយកព័ត៌មានយើងដឹងថាមូលហេតុដែលធ្វើឲ្យមានកាកសំណល់រសាត់ពាសវាលពាសកាលយ៉ាងដូច្នេះគឺសម្រាប់ក្នុងនាមលោកជាអ្នកម៉ៅការសំរាមមានផលពិបាកជាច្រើនយ៉ាង ១. ពលរដ្ឋដែលរស់នៅក្នុងឃុំថ្មសប្រមាណជា 50 ភាគរយពុំបានចូលរួមបង់ថ្លៃសេវាប្រមូលកាកសំណល់លក់ទេហើយពួកគាត់បានយកសំរាមទៅចោលដោយខ្លួនឯងដោយពុំបានវេចខ្ចប់ឱ្យបានត្រឹមត្រូវដែលជាហេតុនាំឲ្យសំរាមត្រូវខ្យល់បានហើយប៉ាត់រប៉ាយពាក្យពេញតែផ្លូវធ្វើឱ្យគ្មានសណ្ដាប់ធ្នាប់ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់អនាម័យនិងបរិស្ថានក្នុងឃុំតែម្ដង ២.ចំពោះទីលានចាក់សំរាមក៏អាជ្ញាធរដែនដីពុំទាន់បានរៀបចំឱ្យគាត់នៅឡើយទេ។ដូច្នេះក្នុងនាមលោកជាអ្នកម៉ៅការលោកត្រូវតែបង្ខំចិត្តដឹកយកកាកសំណល់ដែលបានប្រមូលពីអាជីវករតាមទីផ្សារក្នុងឃុំថ្មសទាំងមូលទៅទុកលើដីដែលទំនេរហើយក៏បានដុតកម្ទេចចោលទៅតាមអ្វីដែលលោកអាចធ្វើទៅបាន។
លោកម៉ាចបានបញ្ជាក់ជាបន្តទៀតថាដើម្បីឱ្យការប្រមូលកាកសំណល់មានរបៀបរៀបរយនៅក្នុងការទុកកាកសំណល់ឲ្យបានត្រឹមត្រូវនោះអាជ្ញាធរដែនដីថ្នាក់ឃុំត្រូវតែរកដីដែលទំនេរសម្រាប់ផ្កាយជារណ្ដៅក្នុងការប្រមូលកាសំណល់យកទៅដុតកម្ទេចចោលតែបើអាជ្ញាធរឃុំពុំទាន់រកដីបានសម្រាប់កាយទីលានចាក់សំរាមនោះទេផលប៉ះពាល់បរិស្ថាននិងអនាម័យនៅតែបន្តកើតមានឡើងដដែលជាដដែលក្នុងមូលដ្ឋានឃុំថ្មសនេះឯង។
លោក អ៊ិច គួន មេឃុំថ្មស បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាចំពោះភាពអត់សណ្ដាប់ធ្នាប់ក្នុងការចោលកាកសំណល់នេះលោកនឹងខំប្រឹងប្រែងរកដីណាដែរទំនេរដែលជាដីរបស់រដ្ឋដើម្បីរៀបចំទីលានចាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមូលដ្ឋានឃុំថ្មសនេះទទួលរងនូវការរិះគន់ពីភ្ញៀវជាតិនិងអន្តរជាតិដោយសារតែកាកសំណល់ហើរប៉ាត់រប៉ាយនេះឯង ហើយលោកក៏បានអំពាវនាវបន្ថែមសូមឲ្យពលរដ្ឋមានការចូលរួមជាមួយនឹងសេវាកម្មប្រមូលកាកសំណល់ឲ្យបានគ្រប់គ្នាពីព្រោះតម្លៃសេវាកម្មនៅក្នុងការប្រមូលកាកសំណល់នេះក្នុងមួយខែមិនលើសពីមួយម៉ឺនរៀ ទៅ 15000៛នោះទេ។
លោក មេឃុំថ្មសបានបញ្ជាក់ជាចុងក្រោយថាមិនយូរមិនឆាប់អាជ្ញាធរស្រុកនិងឃុំនឹងត្រូវរៀបចំដាក់ម៉ាស៊ីនដើម្បីកម្ទេចកាកសំណល់ចោលឲ្យបានឆាប់រហ័សដើម្បីកុំឲ្យភាពអនាធិបតេយ្យនៅក្នុងការចោលកាកសំណល់នោះមានជាបន្តទៀត៕
ដោយ: ប៉ែន សំបូរ