ខេត្តកំពង់ឆ្នាំង អគ្គីភ័យមួយបានកើតឡើងបណ្ដាលអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង 6 និង 30 នាទីយប់ថ្ងៃទី 17 ខែមីនាឆ្នាំ 2022 នៅចំណុចច្រមុះជ្រូក ស្ថិតនៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលព័ត៌មានជាបឋមថាបណ្ដាលមកពីទុស្សេចរន្តអគ្គីសនី ។
លោក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថាអគ្គីភ័យនេះបានឆាបឆេះនៅជាន់ទីមួយ ក្នុងផ្ទះថ្ម មួយល្វែងនៅចំណុចចម្រុះជ្រូក ដែលជាកម្មសិទ្ធិរបស់លោក អ៉ឹង ជីប៉ោ ជានាយរងខណ្ឌ រដ្ឋបាល ជលផល នៃមន្ទីរកសិកម្ម រុកា្ខប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងការឆាបឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។ ផ្ទះខាងលើនេះក៏មានលក់គ្រឿងអគ្គីសនី លក់ពូក គ្រឿងតុបតែងលម្អ កុងម៉ា និងសម្ភារៈជាច្រើនទៀត ។
ទោះយ៉ាងណាការ អន្តរាគមន៍ ពន្លត់អគ្គីភ័យ នេះ ត្រូវបានគេឃើញថា មានជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ស្នងការរងនគរបាលខេត្ត ដែលព្យាយាមដឹកនាំការ ពន្លត់ ហើយបានរយៈពេលជាង 2 ម៉ោង ទើបគ្រប់គ្រងសភាពការណ៍បានព្រោះតែផ្ទះខាងលើមាន សម្ភារៈលក់ដូរជាច្រើនពេញបន្ទប់នៃផ្ទះល្វែងជាន់ខាងលើ ។
អធិការនគរបាលក្រុងកំពង់ឆ្នាំងក៏បានឱ្យដឹងថាការអន្តរាគមន៍ពន្លត់នេះគឺបានប្រើប្រាស់ កម្លាំងប្រមាណជា 100 នាក់ហើយក្នុងកិច្ចអន្តរាគមន៍នេះផងដែរ ក៍មានមន្ត្រីនគរបាលម្នាក់បានរងរបួស ដោយថប់ ដង្ហើម សន្លប់ដោយសារតែជួយអន្តរាគមន៍ផងដែរ ៕