កូនចិត្តតិរិច្ឆានញៀនថ្នាំ វាយម្តាយច្របាច់ក រហូតដល់ឈាមច្រមុះ ដោយសារតែរឿងសុំលុយមិនបាន
ខេត្តកំពង់ស្ពឺ៖ បុរសញៀនថ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ខណៈដែលខឹងសុំលុយម្តាយចំនួន១០០០រៀលមិនបាន វាយម្តាយ ចាប់ច្របាច់ក រហូតដល់ឈាមច្រមុះ ម្តាយដាច់ចិត្តប្តឹងនគរបាលឃាត់ខ្លួនកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។
ហេតុការណ៍ឃាត់ខ្លួនបុរសជាកូនចិត្តតិរិច្ឆានប្រើហិង្សាលើម្តាយនេះ បានកាលពីវេលាម៉ោង១០និង១០នាទីព្រឹក
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលនិយាយឱ្យដឹងថាបុរសជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ អៀម សុធា ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួសារ ដោយបានធ្វើសកម្មភាព ចាប់ច្របាច់ករ និងទះកំភ្លៀង មុខម្ដាយរបស់ខ្លួនឈ្មោះ អ៊ុន គឿន អាយុ៦៤ឆ្នាំ បណ្ដាលឱ្យឈាមច្រមុះ នៅចំណុចមុខផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ដោយសារតែបុរសជាកូនញៀនថ្នាំ ហើយសុំលុយម្តាយចំនួន១០០០រៀលមិនបាន។
នគរបាលដដែលបានបន្តទៀតថា កន្លងមកឈ្មោះ អៀម សុធា ធ្លាប់ជាប់ពន្ធនាគា០១លើក និងបានប្រើអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់។
ក្រោយឃាត់ខ្លួនបុរសជាកូនចិត្តតិរិច្ឆាន ធ្វើការសាកសួរឈ្មោះ អៀម សុធា បានឆ្លើយសារភាពថាខ្លួនពិតជាបានទះ និងច្របាច់ករម្ដាយរបស់ខ្កួនពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕ដោយ៖ APN.NEWS