ខឹងសុំប្រពន្ធមិនឱ្យដេកជាមួយ ដុតផ្ទះខ្លួនឯងចោល ខណៈប្រពន្ធទើបសម្រាលកូនបាន ១០ថ្ងៃ
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋធ្វើការឃាត់ខ្លួនបន្ទាប់ពីដុតផ្ទះខ្លួនឯងឆេះគ្មានសល់ ដែលការឃាត់ខ្លួនធ្វើឡើងនៅម៉ោង ២៤និង ២០នាទីយប់ថ្ងៃទី ២៦ខែមីនាឆ្នាំ២០២២ត្រពាំងទឹកជ្រៅ ឃុំផុង ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។
យោងតាមសម្តីរបស់ឈ្មោះ ពេន តូណា អាយុ៣៨ឆ្នាំជាប្រពន្ធ រស់នៅកន្លែងកើតហេតុបានឱ្យដឹងថា គាត់ទើបសម្រាលកូនបាន ១០ថ្ងៃ ហើយត្រូវប្តីឈ្មោះ សុន បូរ៉ា អាយុ៤២ឆ្នាំសុំដេកជាមួយ តែគាត់ប្រកែកមិនព្រមតាមការសុំរបស់ប្តី ហើយក៏ឈានដល់មានការឈ្លោះប្រកែក និងកើតជាហឹង្សា។ ក្រោយមកទៀតប្តីរបស់គាត់ក៏បានធ្វើការដុតផ្ទះខ្លួនឯងចោល ខណៈរូបគាត់ និងកូនតូចកំពុងដេកលើផ្ទះ។ ដោយឃើញដូចនោះគាត់ក៏បានបីកូនរត់ចុះពីផ្ទះ គ្រាដែលភ្លើងកំពុងឆេះខ្លាំង។
ស្ត្រីជាប្រពន្ធរូបនេះបន្តទៀតថា ផ្ទះរបស់គាត់គឺធ្វើពីឈើប្រកស័ង្កសី ជញ្ជាំងក្តា មានទំហំ៥ម៉ែត្រគុណនិង៦ម៉ែត្រ ត្រូវបានប្តីដុតឆេះខ្ទេចគ្មានសល់។ក្នុងនោះដែរ ម៉ាស៊ីនបូម ស្រូវ លុយ និងឯកសារផ្ទាល់ខ្លួនក៏ត្រូវបានឆេះគ្មានសល់ផងដែរ។
លោកវរសេនីយ៍ទោ ចន សុភិត អធិការនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ លោកក៏បានដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗ តែក្រោយទៅដល់ផ្ទះត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់មិនអាចសង្គ្រោះបាន តែកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបុរសជាប្តីនាំខ្លួនមកកាន់អធិការដើម្បីសួរនាំ៕
ដោយះ APN.News