អភិបាលខេត្តកំពង់ស្ពឺប្រាប់ក្រុមគ្រូពេទ្យឱ្យយកចិត្តទុកដាក់មើលថែកម្មករ កម្មការិនីក្រោយជួបឧបទ្ទវហេតុក្រឡាប់រថយន្តរងរបួសប្រមាណ២៧នាក់
ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះពិនិត្យនិងសួរសុខទុក្ខកម្មករ កម្មការិនីប្រមាណ២៧នាក់ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ក្រឡាប់រថយន្តរងរបួសធ្ងន់ស្រាលហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ក្នុងឱកាសជួបសំណេះសំណាលនិងសួរសុខទុក្ខនោះឯកឧត្តម វ៉ី សំណាង បានប្រាប់ដល់ក្រុមគ្រូពេទ្យឱ្យយកចិត្តទុកដាក់ក្នុងការព្យាបាលនិងសង្គ្រោះបងប្អូនកូនក្មួយជាកម្មករ កម្មការិនីដែលបានជួបឧបទ្ទវហេតុក្រឡាប់រថយន្តនេះ។លោកបានលើកទឹកចិត្តដល់កម្មករ កម្មការិនីទាំងអស់កុំមានការបារម្ភចំពោះការចំណាយផ្សេងៗក្នុងការព្យាបាល ហើយត្រូវខិតខំអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យដើម្បីឆាប់បានជាសះស្បើយ ឆាប់បានវិលត្រឡប់ទៅធ្វើការងារឡើងវិញ។
ជាមួយនោះដែរឯកឧត្តម វ៉ី សំណាង បានផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួនដល់កម្មករ កម្មការិនីទាំងអស់សម្រាប់ផ្គត់ផ្គង់ក្នុងពេលកំពុងសម្រាកព្យាបាល។
សូមបញ្ជាក់ផងដែររថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ២តោនកន្លះពាក់ស្លាកលេខកំពង់ស្ពឺ៣A-២៨១៦ ដឹកកម្មករ-កម្មការិនីចំនួន ២៧នាក់ បើកបរពីទិសខាងជើងទៅទិសខាងត្បូងក្នុងល្បឿនលឿននៅពេលដល់ចំណុចកើតហេតុមានផ្លូវកោង ដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្នផង ធ្វើឱ្យក្រឡាប់រថយន្តចាក់កម្មករ-កម្មការិនីចោលបណ្តាលឱ្យរងបួសធ្ងន់ស្រាល ហើយក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
ជាចុងក្រោយឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ សូមធ្វើការ អំពាវនាវយ៉ាងទទូចដល់បងប្អូនកូនក្មួយដែលជាម្ចាស់រថយន្ត ( ឡាន )ដឹកកម្មករ-កម្មការិនី សូមបងប្អូនកូនក្មួយ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរដោយ កុំវ៉ាជែង ក្នុងស្ថានភាពមិនល្អ កុំបើកបរលើសល្បឿនកំណត់ ពីព្រោះបងប្អូនកូនក្មួយដែលជាម្ចាស់រថយន្តឬក៏អ្នកបើកបររថយន្តទាំងអស់ ត្រូវបានកម្មករ-កម្មការិនី រាប់សិបនាក់បានស្ម័គ្រផ្ញើអាយុជីវិតនៅលើយើងអ្នកបើកបរតែម្នាក់គត់។ ជាក់ស្ដែងថ្ងៃនេះនៅក្នុងស្រុកឧដ្ដុង្គ វេលាម៉ោង ៦ និង១៥ នាទីព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិ ពពូល ឃុំជំពូរព្រឹក្ស ស្រុកឧដ្ដុង្គ មានរថយន្តដឹកកម្មករ ១ គ្រឿង ម៉ាកកូរ៉េ ចំណុះ ២ តោនកន្លះ ដឹកកម្មករ ចំនួន ៥០ នាក់ មកពីឃុំអមលាំង ស្រុកថ្ពង បានក្រឡាប់ដោយសារផ្លូវកោង ហើយបើកក្នុងល្បឿនលឿន ។ ក្នុងគ្រោះថ្នាក់ខាងលើនេះ បណ្តាលអោយកម្មកររងរបួស ចំនួន ២៧ នាក់ ស្រី ២៦ នាក់ ក្នុងនោះ របួសធ្ងន់ ១១ នាក់ ស្រី ១០ នាក់ ។ ដូច្នេះសូមបងប្អូនកូនក្មួយដែលជាម្ចាស់រថយន្ត និងជាអ្នកបើកបរ សូមមេត្តាគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុត ៕
ដោយ៖ BSB