ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងវត្ត ប្រវត្តិសាស្រ្ត ( វត្តមរតកតេជោបុរីស្វារៈ ) ស្ថិតនៅភូមិធម្មជាតិសម្ដេចតេជោ
ខេត្តព្រះវិហារ ÷ នៅថ្ងៃទី.០៦ .ខែកក្កដា .ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តប្រវត្តិសាស្ត្រ ( វត្តមរតកតេជោបុរីស្វរៈ) ស្ថិតនៅភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងចូលរួមអបអរសាទរខួបលើកទី ១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះការសម្ពោធឆ្លងសំណង់ព្រះវិហារថ្មី រួមនឹងសមិទ្ធិផលនានាជាច្រើននៅក្នុងវត្តប្រវត្តិសាស្ត្រ វត្តមរតកតេជោបុរីស្វរៈ ហើយលក្ខណៈពិសេសរបស់ទីអារាមនេះ គឺស្ថិតនៅក្នុងតំបន់ដែលកាលពីអតីតកាល គឺជាតំបន់គ្មានប្រជាជនរស់នៅគ្មានហេដ្ឋារចនាសម្ព័ន្ធ និងសំបូរទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប៉ុន្តែសព្វថ្ងៃ មានវត្តអារាម. សាលារៀន. មណ្ឌលសុខភាព. និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត បម្រើឲ្យសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាផ្នែកមួយនៃការការពារនូវកេរដំណែលបេតិកភណ្ឌវប្បធម៌ខ្មែរដែលមានតម្លៃលេចធ្លោជាសកល ព្រមជាមួយនឹងការបង្កើតនូវសុខដុមនីយកម្មរវាងប្រាសាទបូរាណ បរិស្ថាន និងសហគមន៍ប្រជាពលរដ្ឋ ។
ពិធីនេះ ប្រព្រឹត្តិទៅស្របពេលនិងការប្រារព្ធពិធីអបអរសាទរខួបលើកទី ១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកដូច្នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ភូមិយកឱកាសនេះសំដែងនូវការគោរពដឹងគុណថ្វាយចំពោះដួងព្រះវិញ្ញាណក័្ខន្ធរបស់អតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ដែលបានកសាងនិងបន្សល់ទុកនូវស្នាដៃជាប្រវត្តិសាស្ត្រដ៍ច្រើនអនេក និងថ្វាយចំពោះ សម្ដេចព្រះបរមរតនៈកោដ សម្ដេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានបំពេញព្រះរាជបូជនីកិច្ចតស៊ូទាមទាររហូតឈ្នះក្តី នៅតុលាការអន្តរជាតិទីក្រុងឡាអេ នាថ្ងៃទី ១៥. ខែមិថុនា. ឆ្នាំ១៩៦២ ព្រមទាំងគោរពជូនចំពោះវិញ្ញាណក្ខ័ន្ធ សម្ដេចវិបុលបញ្ញា សុក អាន ដែលបានចូលរួមចំណែកដ៏ធំធេងក្នុងដំណើរការនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នៅបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នៅគោលការណ៍ការពារបូរណភាពទឹកដី ដោយមិនឲ្យបាត់បង់សូម្បី ១ មីលីម៉ែត្រដូចគ្នា នឹងប្ដេជ្ញាធានាការបន្តអភិវឌ្ឍនៅតំបន់ព្រំដែននិងកែប្រែតំបន់អតីតសមរភូមិឱ្យក្លាយជាតំបន់ពោរពេញដោយសុខសន្តិភាព ស្ថេរភាព និងកំណើនសេដ្ឋកិច្ច ។
សម្ដេចតេជោ និងនៅបន្តដឹកនាំធានាការការពារដាច់ខាតនូវបូរណភាពរបស់ប្រាសាទព្រះវិហារនិងតំបន់ជុំវិញ ដែលជាកេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រ ព្រមជាមួយនឹងការបន្តខិតខំថែរក្សាអភិរក្សស្របតាមបទដ្ឋានបច្ចេកទេសរបស់អង្គការ UNESCO ។
ក្នុងទស្សនវិស័យប្រកបដោយយុទ្ធសាស្ត្រនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបើកឱកាសឲ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន បង្កើតជាភូមិឋានដោយបានរៀបចំជាតំបន់អភិវឌ្ឍន៍ដែលមានការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្សារលក់ដូរ និងប្រព័ន្ធទឹកភ្លើង ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន ហើយស្ថានភាពនៃការអភិវឌ្ឍនៅតាមតំបន់ព្រំដែនបែបនេះ ក៏បានដើរតួនាទីមួយយ៉ាងសំខាន់ផងដែរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជននៅជាប់តំបន់ព្រំដែនឲ្យបានស្នើតាមរយៈសកម្មភាពផ្លាស់ប្ដូរសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ជាដើម ។
ពិតណាស់ការកសាងពីចំណុចសូន្យដោយបាតដៃទទេ វាគឺជាការលំបាកណាស់ទៅហើយប៉ុន្តែការថែរក្សាដើម្បីធានាបាននូវចីរភាពនៃសមត្ថផលទាំងអស់នោះ គឺកាន់តែលំបាកខ្លាំងបំផុត ដូច្នេះសូមប្រជាជនកម្ពុជាទាំងនៅក្នុងមូលដ្ឋាននេះ ក៏ដូចជានៅទូទាំងប្រទេស សូមបន្តរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ ដើម្បីបន្តថែរក្សាការពារជាតិខ្មែរយើងឲ្យបានរីកចម្រើន និងស្ថិតនៅជាអមតៈ សម្រាប់អ្នកជំនាន់ក្រោយតទៅមុខទៀត ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលគឺឈរលើបុព្វហេតុជាតិ និងប្រជាជន ជាកត្តាអាទិភាពខ្ពស់បំផុត ដូចដែលមានស្តែងឡើងតាមរយៈស្នាដៃប្រវត្តិសាស្ត្រជាច្រើន ជាអាបការចូលរួមចំណែកការពារដាច់ខាតនូវ ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ដែលធ្វើអោយប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ និងការចូលរួមស្ដារ កសាង និងអភិវឌ្ឍន៍ជាតិ ទាំងក្នុងដំណាក់កាលដ៏លំបាកបំផុត ក៏ដូចជាដំណាក់កាលសុខសន្តិភាព ដូចពេលបច្ចុប្បន្ន ។
លទ្ធិប្រជាធិបតេយ្យ គឺផ្ដល់សិទ្ធិឲ្យប្រជាពលរដ្ឋជាអ្នកកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួនតាមរយៈ ការចូលរួមបោះឆ្នោត ហើយប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨០ ភាគរយ បានទៅចូលរួមបោះឆ្នោតកាលពីថ្ងៃទី ៥. ខែមិថុនា. ឆ្នាំ២០២២ ដែលជាសក្ខីភាពបង្ហាញថា កម្ពុជាកំពុងដើរតាមផ្លូវប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ។
ជាពិសេស លទ្ធផលក៏បានបង្ហាញផងដែរថា ប្រជាពលរដ្ឋដល់ច្រើនលើសលប់បានបន្តផ្ដល់ជំនឿទុកចិត្ត និងការគោរពស្រលាញ់គាំទ្រចំពោះសម្ដេចតេជោ នឹងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបន្តភារកិច្ចដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងការរីកចម្រើនទៅមុខបន្តទៀត ៕
ដោយ សាន់ ឆដា