គាស់ផ្ទះអ្នកជិតខាងលួចយកទ្រព្យសម្បត្តិ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួនបានបញ្ជូនទៅតុលាការ
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់រកាធំ ធ្វើការឃាត់ខ្លួន ខណៈដែលធ្វើសកម្មភាពគាស់ផ្ទះអ្នកជិតខាងលួចយកទ្រព្យសម្បត្តិ ម្ចាស់ផ្ទះជាជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចអន្តរាគមន៍ ស្វែងរកជនសង្ស័យ ។
ការឃាត់ខ្លួនជនសង្ស័យរពឹសដៃគាស់ផ្ទះលួចទ្រព្យអ្នកជិតខាងនេះ បានកាលពីវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២២ នៅក្នុងភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
តាមការឱ្យដឹងពីមន្ត្រីនគរបាលក្រុងច្បារមនថា នៅមុនពេលឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យនោះគឺ មានករណីគាស់បង្អូច ផ្ទះ ចូលលួចយកទ្រព្យសម្បត្តិ កើតឡើងនៅចំណុចភូមិស្នោរទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលដដែលបានបន្តថា
ជនរងគ្រោះមានឈ្មោះឆឹងឆៃនីភេទស្រីអាយុ៣៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ
បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់រកាធំថាមានគេគាស់បង្អួចផ្ទះចូលលួចយកទ្រព្យសម្បត្តិរបស់ខ្លួន
ក្រោយទទួលបានពាក្យបណ្ដឹងជំនាញនគរបាលយុត្តធម៌ក្រុងច្បារមន សហការជាមួយកម្លាំងប៉ុស្តិ៍រកាធំបានធ្វើការស្រាវជ្រាវជុំវិញកន្លែងកើតហេតុឈានដល់ធ្វើការឃាត់ខ្លួន
ជនសង្ស័យឈ្មោះអ៊ុំ វន ភេទប្រុសអាយុ៣២ឆ្នាំ ដែលមានផ្ទះនៅជិតគ្នាយកមកសាកសួរ ។
ក្រោយពីនគរបាលសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពគាស់បង្អួចផ្ទះចូលលួចទ្រព្យសម្បត្តិពិតប្រាកដមែន។
ហើយបានដកហូតសម្ភារៈរួមមាន
១.ចិញ្ចៀនផ្លាកទីន ០២វង្សទម្ងន់ ០៤ហ៊ុន
២.ខ្សែកផ្លាកទីនចំនួន២ខ្សែទម្ងន់០៦ជី
៣.កងដៃផ្លាកទីនមួយវង់ទម្ងន់០១ជីកន្លះ
៤.ខ្សែដៃមាសចំនួន០៣ជី
៥.ខ្សែជើងធ្វើអំពីផ្លាកទីនទម្ងន់០២ជី
៦.ខ្សែដៃផ្លាកទីនទម្ងន់០១ជី ។ ក្រោយឃាត់ខ្លួនជនសង្ស័យរួចមកប្រមូលដកហូតបានសម្ភារៈវត្ថុតាងបានប្រគល់ជូនម្ចាស់ដើមវិញ
ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវអនុវត្តតាមច្បាប់៕
ដោយ៖BSB