(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញជាអធិបតី
ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សា ឃុំ មេឃុំរង និងសមាជិកក្រុមប្រឹក្សាឃុំ សាលាក្រៅ អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសាលាឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ដោយមានការចូលរួមពីសំណាក់លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្ស ប្រធានក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក មន្ត្រីពាក់ព័ន្ធ យុវជនសសយក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍ផ្តាំផ្ញើទៅកាន់ក្រុមប្រឹក្សាឃុំថ្មី នាឱកាសនោះ លោកជំទាវអភិបាលខេត្តបានសង្កត់ធ្ងន់ថា ឃុំសាលាក្រៅមានសមាជិកក្រុមប្រឹក្សាមកពីគណបក្សចំនួនមួយ គឺគណបក្សប្រជាជនកម្ពុជា តែទោះជាយ៉ាងណាក៏ដោយក៏សមាជិកក្រុមប្រឹក្សាឃុំថ្មីគ្រប់រូបត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យល្អប្រសេីរ និងបន្តកសាងអភិវឌ្ឍន៍នូវមូលដ្ឋានឱ្យកាន់តែរីកចម្រើនជឿនលឿនទ្វេឡើង ជាពិសេសដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវអភិបាលខេត្តបានថ្លែងបន្តថា ដើម្បីធានាបាននូវការផ្ដល់សេវានានាក្នុងមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន៥គឺ៖
*ទី១៖ មេឃុំ ចៅសង្កាត់
*ទី២៖ ស្មៀនឃុំ សង្កាត់
*ទី៣៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
*ទី៤៖ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព
*ទី៥៖ មេភូមិ អនុភូមិ
ដូច្នេះសូមឱ្យតួអង្គទាំង៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ។
សូមជម្រាបជូនថា ដំណេីរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ ជាលទ្ធផលក្នុងឃុំសាលាក្រៅមានអាសនៈសរុបចំនួន០៥ មកពីគណបក្សនយោបាយចំនួន០១ ដែលគណបក្សប្រជាជនកម្ពុជា មាន០៥អាសនៈ ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឃុំ ជាមេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សា ចំនួន០៣អាសនៈ៕