ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ៖ បើម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោ ជាខ្មែរ មិនអាក្រក់ឈាមខ្មៅបែបនេះឡើយ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋាននគរបាលវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានធ្វើការរិះគន់នៅលើហ្វេសប៊ុកផ្លូវការរបស់លោក លើម្ចាស់មន្ទីរពហុព្យាបាល និងសម្ភព ម្លិះ ដង្កោ ថាបើម្ចាស់មន្ទីរពហុព្យាបាលនេះ ជាជនជាតិខ្មែរ១០០ភាគរយ មិនអសីលធម៌ និងមិនអាក្រក់ឈាមខ្មៅ បែបនេះឡើយ ។
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ថ្លែងថា កុមារនេះ ជាកូនបុគ្គលិករបស់លោក ហើយកុមារនេះ លួចទៅធ្វើជាងសំណង់ទាំងខ្លួនឯង អាយុទើបតែ១៤ឆ្នាំ ដោយជីវភាពគ្រួសារក្រីក្រ ។
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បន្តថា ថ្ងៃទី០៨ ខែសីហានេះ ក្មេងជួបគ្រោះថ្នាក់ចរាចរណ៍ តាំងពីថ្ងៃមេឃ នៅមានពន្លឺថ្ងៃ និងត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពហុព្យាបាល និងសម្ភព ម្លិះ ដង្កោ ស្ថិតនៅផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ រងគ្រោះម្នាក់ ក្នុងចំណោម២នាក់ បានបាត់បង់ជីវិតបាត់ទៅហើយ នៅសល់តែកុមារម្នាក់នេះ រងរបួសធ្ងន់ ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ។ ប៉ុន្ទែមន្ទីរពហុព្យាបាលនេះ មិនព្រមបញ្ជូនកុមារនោះចេញឡើយ ដោយសារម្តាយជនរងគ្រោះ ពុំមានប្រាក់បង់គ្រប់ចំនួន ៤២០ដុល្លារអាមេរិក តាមការចេញវិក័យប័ត្រ ម្តាយក្មេងរងគ្រោះសំពះអង្វរសុំបង់ ២០០ដុល្លារ ។
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អោយដឹងទៀតថា ឳពុកក្មេងនោះជាបុគ្គលិក បើកគ្រឿងចក្រធ្វើការឲ្យលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលបច្ចុប្បន្នឳពុកកំពុងជាប់ភារកិច្ច ជួយធ្វើប្រឡាយ និងធ្វើផ្លូវ ជូនប្រជាជននៅឃុំទឹកថ្លា ខេត្តព្រៃវែង ដែលមិនគិតប្រាក់សូម្បីមួយរៀល ។
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចោទជាសំណួរថា ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ដុល្លារ សុខចិត្តទុកឲ្យក្មេងស្លាប់ឬ ? លោកឈឿន ប៊ុនឆន ទើបតែទទួលបានព័ត៌មាន ពិតជាហួសចិត្តនឹងម្ចាស់ពេទ្យនោះណាស់ តែលោកជឿថា ប្រហែលពួកគាត់ជាកូនកាត់ ពីព្រោះបើជនជាតិខ្មែរពិតប្រាកដ មិនអាក្រក់ឈាមខ្មៅយ៉ាងនោះទេ ។ ម្យ៉ាងលោក ក៏ឆ្ងល់នឹងតម្លៃលើវិក័យប័ត្រនេះផងដែរ ?
លោក ឈឿន ប៊ុនឆន បន្ថែមថា អ្នកក្រជួបទុក្ខ រងចាំតែស្លាប់ទៅ… នេះហើយផ្នែកមួយជាដំបៅ នៃសង្គម យើងសព្វថ្ងៃ.. ។
សូមជម្រាបថា កាលពីអំឡុងឆ្នាំ២០១៦ លោក ឈឿន ប៊ុនឆន ជាអតីតអធិការស្រុកកោះធំ មានស្នាដៃដឹកនាំកម្លាំងឆ្មក់បង្ក្រាបជនជាតិយួនចូលមកនេសាទខុសច្បាប់ កាលនោះធ្វើអោយមហាជនជាច្រើនមានការគាំទ្រយ៉ាងខ្លាំង ។ ការខិតខំប្រឹងប្រែងរបស់លោក ត្រូវបានថ្នាក់លើតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រហូតមកដល់ពេលនេះ ៕