កម្លាំងនគរបាលជំនាញរំដោះនារី៧នាក់ចេញពីការបង្ខាំងសម្រាប់ជួញដូរផ្លូវភេទ
កំពង់ស្ពឺ៖ក្រោមកិច្ចចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កំលាំងជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺក្រោមការសម្របសម្រួលនីតិវិធី ពីលោកចក់ សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ បានបើកប្រតិបត្តិការចុះបង្រ្កាបករណីសញ្ចាកម្ម នៅទីតាំងKTV និងបេីកផ្ទះសំណាក់ គ្មានយីហោ។ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រតិបត្តិការខាងលេីនេះដែរ ក្រោយសមត្ថកិច្ចបានទទួលព័ត៌មានពីប្រភពច្បាស់ការណ៍ថាទីតាំង KTV នេះបេីកបម្រេីសេវាច្រៀងលេងកំសាន្ដផងនិងលួចលាក់អោយមានការផ្ដល់សេវាផ្លូវភេទ ពាក្យច្បាប់សញ្ចាកម្ម” ជាក់ស្ដែងសមត្ថកិច្ចបានឃាត់មនុស្ស ០៣នាក់ដែលជាអ្នកទទួលខុសត្រូវលេីទីតាំងខាងលេី ដេីម្បីយកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ដ។
តាមការបញ្ជាក់ពីលោកស្រី វរសេនីយ៍ទោ មួន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ថាជនសង្ស័យដែលបានឃាត់ខ្លួនក្នុងប្រតិបត្តិខាងលើមាន
១- ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ ៣៣ ឆ្នាំ តួនាទីជាថៅកែហាង
២- ឈ្មោះ ទាវ ស្រីមុំ ភេទស្រី អាយុ ១៨ ឆ្នាំ តួនាទីជាមេការ
៣-ឈ្មោះ អាន ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ តួនាទីជាមេការ
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានសង្រ្គោះនារីចំនួន០៧នាក់ មានក្មេងស្រី មិនទាន់គ្រប់អាយុ(ជាអនីតិជនក្រោម១៨ឆ្នាំ) ០៤នាក់ ប្រគល់ជូនមន្ទីរសង្គមកិច្ច។
ក្រោយនីតិវិធីសាកសួរលេីជនសង្ស័យទាំង៣នាក់សមត្ថកិច្ចបានរកឃេីញតម្រុយពីការប្រព្រឹត្តិអោយមានអំពេីសញ្ចាកម្ម បម្រើសេវាផ្លូវភេទនៅទីតាំងខាងលេី សមត្ថកិច្ចនគរបាលបានបំពេញនីតិវិធី និងកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការចាត់ការបន្ដ៕
អត្ថបទ៖ ប៊ុត សារុន