អភិបាលខេត្តកំពង់ស្ពឺជម្រុញឱ្យរដ្ឋបាលក្រុង-ស្រុក ពិនិត្យមើលសម្រាមតាមដងផ្លូវ ត្រូវចាប់អ្នកបោះចោលយកមកផាកពិន័យឱ្យធ្ងន់ធ្ងរមិនរាងចាលឱ្យបញ្ជូនទៅតុលាការ
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានជម្រុញឱ្យរដ្ឋបាលស្រុក-ក្រុងមើលសម្រាមតាមដងផ្លូវ ខណៈផ្លូវជាតិសំខាន់ៗមួយចំនួនត្រូវបានគេយកធ្វើជាកន្លែងបោះចោលសម្រាមយ៉ាងអនាធិបតេយ្យ។ការថ្លែងយ៉ាងដូច្នេះបន្ទាប់ពីឯកឧត្តម មើលឃើញថាលើកំណាត់ផ្លូវជាតិមួយចំនួនក្នុងស្រុកសំរោងទងពោរពេញទៅដោយសម្រាម អាជ្ញាធរគ្មានវិធានការ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ថ្លែងថាស្រុកសំរោងទងមានសម្រាមច្រើនណាស់ ដូច្នេះរដ្ឋបាលស្រុកគួរតែខិតខំធ្វើយ៉ាងណាយកវាចេញ ហើយរដ្ឋបាលខេត្តក៏កំពុងរៀបចំប្តូរក្រុមហ៊ុនប្រមូលសំរាមខេត្តចេញផងដែរ។លោកថានៅក្នុងក្រុមហ៊ុនមានថ្នាក់ដឹកនាំកាច់កុងគ្នា ហើយអ្នករងគ្រោះត្រូវបានធ្លាក់មកលើរដ្ឋបាល។
អភិបាលខេត្តកំពង់ស្ពឺបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋនិងមហាជនគេយល់ឃើញថាខេត្តកំពង់ស្ពឺជាកន្លែងដែលទេសចរណ៍ គេមកលំហែ ថ្ងៃសៅរ៍អាទិត្យ គេនាំប្រពន្ធកូនគេមកដើរលេង ពីមុនកំពង់ស្ពឺជាតំបន់ប្រយុទ្ធគ្នាដោយចុងអាវុធប៉ុន្តែបច្ចុប្បន្នជាខេត្តដែលផ្តល់នូវភាពសុខសាន្តនិងស្នាមញញឹមដល់ប្រជាពលរដ្ឋតាមរយៈការរឿងចម្រើនផ្នែកសេដ្ឋកិច្ចគ្រួសារនិងការដើរទេសចរណ៍កំសាន្តសប្បាយតាមរមណីយដ្ឋាននានា តែពេលមកដល់គឺឃើញសុទ្ធតែសម្រាម។
ពាក់ពន្ធ័និងការលើកឡើងនេះដែរឯកឧត្តមថ្លែងទៀតថាពីមុនខេត្តកំពង់ស្ពឺគ្មានសម្រាមទេ តែឥឡូវម៉េចបានជាខេត្តនេះមានសុទ្ធតែសម្រាម ទាំងនេះបានបង្ហាញឱ្យឃើញថាពីមុនប្រជាពលរដ្ឋយើងក្រអត់មានលុយទិញអីហូបហើយពីមុនចាស់ៗទៅផ្សារកាន់តែកន្ត្រកជ័រមួយជាការស្រេច រាល់ការខ្ចប់វេចគឺគេប្រើតែស្លឹកចេក តែឥឡូវប្រជាពលរដ្ឋមានជីវភាពធូរធាសម្បូរហូបចុក រាល់ការខ្ចប់វេចគេប្រើតែថង់ ម្លោះហើយខេត្តកំពង់ស្ពឺសម្បូររោងចក្រមានកម្មករជាង១៦ម៉ឺននាក់ហើយម្នាក់ចោលតែថង់មួយក៏១៦ម៉ឺនថង់ដែរក្នុងមួយថ្ងៃៗ។ចំពោះលំនៅដ្ឋានពួកគាត់ស្អាតតែគ្មានកន្លែងចោលសម្រាមទេ ដូច្នេះពួកគាត់បានដឹកសម្រាមទាំងអស់នោះទៅចោលតាមដងផ្លូវ។ដើម្បីឱ្យខេត្តពិសេសស្រុក-ក្រុងគ្មានសម្រាមគឺអាជ្ញាធរស្រុក-ក្រុងនិមួយៗត្រូវមើលនិងចាត់វិធានការ ជាមួយនោះមន្ទីរបរិស្ថានក៏ត្រូវប្រឹងប្រែងមើលលើបញ្ហានេះផងដែរ ច្បាប់យើងមានត្រូវចាប់យកមកផាកពិន័យឱ្យរាងចាល ហើយក្នុងករណីមិនរាងចាលទេនោះគួរតែចាប់ហើយបញ្ជូនទៅឱ្យតុលាការដាក់ទោសទណ្ឌតែម្តងទៅ៕