នាយទាហាន នាយទាហានរង ពលទាហានយោធភូមិទី៤ កងទ័ពជើងគោក សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពយោធាពីរនាក់រដែលបានទទួលមរណភាព ក្រោយពេលចុះជួយក្មេងលង់ទឹក
តាមការបញ្ជាក់របស់ មន្ត្រីមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បានប្រាប់ទូរទស្សន៏ជាតិកម្ពុជា ថា កាលពីវេលាម៉ោង ១១.២០ នាទី ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២២ នៅចំណុចអាងអូរអង្ក្រងបានរកឃើញ សាកសពមួយរូបក្នុងចំណោមយោធា ២រូប ឈ្មោះ វ៉ាន់ ថុល ភេទ ប្រុស អាយុ ២០ឆ្នាំ គឺជាកងកម្លាំងនៃវរសេនាតូចលេខ៤២២ កងពលតូចថ្មើរជើង លេខ ៤២ ការពារព្រំដែន នៅប្រាសាទតាមាន់ ដែលបានពលីជីវិត ជួយសង្គ្រោះជីវិតក្មេងប្រុស ពីរនាក់រួចផុតពីគ្រោះថ្នាក់ តែជាអកុសល ត្រូវបានទឹកកួចលិច រហូតបាត់បង់ជីវិត ។
យោធិនទាំង២នាក់នេះ បានបំពេញការងារនៅកងពលតូចថ្មើរជើងលេខ ៤២ ការពារព្រំដែនប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
យើងទាំងអស់គ្នា សូមចូលរួមសោកស្តាយ នូវការបាត់បង់យោធិនពលីចំនួនពីររូប និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិ ជួយឱ្យ សាកសព មួយរូបទៀត បានរកឃើញឆាប់ៗ។ សូមឲ្យវិញ្ញាណក្ខន្ធសពវិវរ:យោធិនទាំង២ទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាត៕