ឧត្តរមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែ ជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ ត្រី កែ វណ្ណា ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត ដោយមានការចូលរួមពី លោក រិទ្ធី ប៉ាក់ អភិបាលស្រុក និងជាប្រធាន កិត្តិយស ស.អ.ក ស្រុកចុងកាល់ លោកវរសេនីយ៍ឯក រី ធារិទ្ធ ប្រធានគណៈកម្មាធិការ ស.អ.ក ស្រុក លោកមេឃុំ និងជាប្រធានកិត្តិយសសាខា ស.អ.ក ឃុំចុងកាល់ អាជ្ញាធរដែនដី និងកងកម្លាំងទាំងបី បាននាំយកនូវថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០៛ ទៅប្រគល់ជូនគ្រួសារសព សមាជិក ស.អ.ក ជានិវត្តជន ឈ្មោះ សេម ឈុប ភេទប្រុស អាយុ ៧២ឆ្នាំ អត្តលេខ RB08000617 មានទីលំនៅភូមិ-ឃុំ-ស្រុកចុងកាល់ ដែលបានទទួលមរណៈភាព ដោយសារជំងឺគាំងបេះដូង កាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះដែរ លោកស្នងការរង និងក្រុមការងារ បានសំណេះសំណាល និងអានលិខិតចូលរួមមរណៈទុក្ខ របស់គណៈកម្មាធិការ ស.អ.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសពផងដែរ៕ដោយ៖សាន់ឆដា