ឯកឧត្ដម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ៖ អ្នកកាសែតត្រូវចាំថា ក្រមសីលធម៌ គឺជាអាវក្រោះសម្រាប់ការពារយើង
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា÷ ក្រមសីលធម៌ វិជ្ជាជីវៈ គឺជាអាវក្រោះសម្រាប់ការពារអ្នកកាសែត។ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បែបនេះ ក្នុងពិធី បោះឆ្នោតជ្រើសរើសគណៈកម្មាធិការនាយកក្លឹប អ្នកកាសែតកម្ពុជាហៅកាត់ (ក.អ.ក) អាណត្តិទី៧ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ម្សិលមិញ នៅភោជនីយដ្ឋានមួយ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានជំនាន់ក្រោយៗ ត្រូវចាំថា ក្រមសីលធម៌ វិជ្ជាជីវៈ គឺជាអាវក្រោះសម្រាប់ការពារយើង។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ រំលឹកករណីកើតឡើងថ្មីៗនេះ នៅលើស្ពានជ្រោយចង្វា ដែលទាមទារឱ្យអ្នកសារព័ត៌មាន ត្រូវចងចាំ និងបញ្ជៀសកុំឱ្យខុសនូវក្រមសីលធម៌ ព្រោះបើអ្នកកាសែតម្នាក់ខុសក្រមសីលធម៌ វាមិនមែនប៉ះពាល់តែយើងម្នាក់នោះទេ វាអាចប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូ អ្នកកាសែតដទៃ ។
ទន្ទឹមនឹងនេះ បន្ទាប់ពីទទួលបាននូវអនុសាសន៍បន្ថែម ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីថ្មីៗនេះ ខាងក្រសួង និងអ្នកពាក់ព័ន្ធកំពុងរៀបចំវគ្គបណ្ដុះបណ្ដាលមួយ ដែលមិនមែនត្រឹមតែពង្រឹងពន្យល់ ពីក្រមសីលធម៌តែមួយមយខនោះទេ គឺយើងក៏ត្រូវយល់ដឹងបន្ថែមអំពីច្បាប់មួយចំនួនផង ដើម្បីបញ្ជៀសការបំពានលើមុខងារណាមួយ ។ អ្នកមកបង្ហាត់បង្ហាញយើង ជាមន្រ្តីមកពីក្រសួងមហាផ្ទៃ និងមន្រ្តីមកពីក្រសួងយុត្តិធម៌ ហើយអ្នកកាសែតអាចសាកសួរ រាល់ចម្ងល់ដែលខ្លួនមាន ទៅកាន់វាលក្មិន ដើម្បីយើងអនុវត្តការងារ មិនងាយខុសឆ្គង ។
ជាមួយគ្នា ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរ ដល់បណ្ដាលក្លឹប សមាគមន៍នានា ដែលកន្លងមកបានធ្វើកិច្ចការបណ្ដុះបណ្ដាល ដល់អ្នកសារព័ត៌មានបានជាបន្តបន្ទាប់ ជាពិសេសក្លឹបអ្នកកាសែតកម្ពុជា គឺសមាគមន៍ដែលសកម្មនិងល្អជាងគេ ដែលបានធ្វើកិច្ចការជាច្រើន បម្រើប្រយោជន៍ជូនវិស័យព័ត៌មាន ក្នុងចំណោមសមាគមន៍សារព័ត៌មានផ្សេងៗទៀត ។ ហើយកន្លងមកក្រសួងព័ត៌មាន តែងតែជ្រើសរើសយក ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)ធ្វើជាដៃគូរ និងជាតំណាង របស់ក្រសួងព័ត៌មាន នូវពេលដែលត្រូវ ចូលរួមសិក្ខាសាលានានា នៅឯក្រៅប្រទេសផងដែរ។
ឯកឧត្ដមរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា ក្លឹបអ្នកកាសែតកម្ពុជា នឹងបន្តបុព្វហេតុរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ៕