យុវតីសិស្សសាលាជិះម៉ូតូក្នុងល្បឿនលឿនជ្រុលបុកបង្គោលចំណាំងផ្លាតស្លាប់២នាក់របួសធ្ងន់ម្នាក
ខេត្តប៉ៃលិន ៖ សិស្សសាលា២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណ:ដែលសិស្សម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសារតែបើកបរម៉ូតូឌុប គ្នាក្នុងល្បឿនលឿន ត្រង់ចំណុចផ្លូវកោង លុះបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកបង្គោលចំណាំងផ្លាតចរាចរណ៍ស្លាប់ និងរបួស ហើយខូចខាតម៉ូតូ០១គ្រឿង។
ហេតុការណ៍សិស្សសាលាបើកបរម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកចំណាំងផ្លាតចរាចរ ណ៍ស្លាប់និងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង ៣០នាទីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៣ នៅលើបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវកោងចំការហង្សមាស ស្ថិតក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីមន្រ្តីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ៖ ជនរងគ្រោះទី១.ឈ្មោះ ម៉ម មួយគា ភេទស្រី អាយុ១៤ឆ្នាំ ស្លាប់នៅនឹងកន្លែង ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AM-6821។ ទី២. ឈ្មោះ អ៊ូ កញ្ញា ភេទស្រី អាយុ១២ឆ្នាំ អ្នករួមដំណើរ ស្លាប់នៅកន្លែងកើតហេតុ ទាំង២នាក់រស់នៅក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ និងទី៣- ឈ្មោះ កែវ សុជាតិ ភេទស្រី អាយុ១៤ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពដដែលបានបន្តទៀតថា មូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍នេះដោយសារតែបើកបរម៉ូតូក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោង លុះបួងចង្កូចមិនទាន់ក៍ជ្រុលទៅបុកបង្កោលចំណាំងផ្លាតបាក់អស់ចំនួន៣ដើម និងដួលបោកក្បាលទៅនឹងដីស្លាប់ និងរងរបួសតែម្តង។ ប្រភពបញ្ចាក់ថា ការដួលម៉ូតូបណ្តាលឱ្យស្លាប់និងរបួសបែបនេះ ព្រោះតែអ្នកទាំង៣ គ្មានការពាក់មួកសុវត្ថិភាពនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន ម៉ូតូ និងសព ត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកក្មេងស្រីរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕ ដោយ ៖ នាក់ ង៉យ