ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំក្រុមគ្រូពេទ្យទៅពិនិត្យព្យាបាលជំងឺ និងនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជំងឺប្រចាំកាយ និងមានជីវភាពលំបាកខ្វះខាត នៅឃុំត្រពាំងឬស្សី
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី និងក្រុមគ្រូពេទ្យទៅពិនិត្យនិងព្យាបាលជំងឺ និងសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយស្បៀងអាហារគ្រឿងឧបភោគ បរិភោគ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងមានជំងឺប្រចាំកាយ និងមានជីវភាពលំបាកខ្វះខាតនៅតាមខ្នងផ្ទះ នៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលសម្ដេចទាំងនិងលោកជំទាវ តែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ឋជន និងបានជូនពរដល់បងប្អូនអតីតយុទ្ឋជនទាំងអស់ សូមបានឆាប់ជាសះស្បើយពីជំងឺ និងសូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើនសុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងគ្រប់ពេលវេលា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដេីម្បីជៀសផុតពីជម្ងឺផ្សេងៗបន្ថែមទៀត ហេីយក្រុមគ្រួសារនីមួយៗ ត្រូវប្រកបរបរសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កេីនផលដាំដំណាំ ចិញ្ចិមសត្វ ដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ជាមួយនោះដែរត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនិងពិនិត្យព្យាបាលជំងឺនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងមានជំងឺប្រចាំកាយ និងមានជីវភាពលំបាកខ្វះខាត ដោយក្នុងមួយគ្រួសារទទួលបាននូវ÷អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន០១កេស ត្រីខកំប៉ុងចំនួន០១យួរ និងថវិកាមួយចំនួន ព្រមទាំងបានផ្ដល់ថ្នាំពេទ្យសម្រាប់ប្រើប្រាស់ក្នុងការព្យាបាលជំងឺផងដែរ ។
បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតទាំងអស់ សូមគោរពថ្លែងអំណរគុណដ៍៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងឧត្ដមសេនីយ៍ទោសោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ដែលបានមកសួរសុខទុក្ខពិនិត្យព្យាបាលជំងឺ និងដោះស្រាយការលំបាកខ្វះខាតជូនពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយសំនៀង