ក្រុមជនខិលខូចនៅតែគឃ្លើនលួចចាក់កំទេចថ្មចូលប្រឡាយមេខាងលើស្ទឹងព្រែកត្នោត អាជ្ញាធរនិងជំនាញហាក់មិនអើពើសោះ
ខេត្តកំពង់ស្ពឺ៖ បើទោះបីជាកន្លងមកអាជ្ញាធរខេត្តកំពង់ស្ពឺបានទៅបញ្ឈប់ក្រុមឈ្មួញដែលលួចចាក់កំទេចថ្មចូលប្រឡាយមេពីខាងលើស្ទឹងព្រែកត្នោតបន្ទាប់ពីសួរកច្បាប់អនុញ្ញាណមិនមាន ក៏ដោយប៉ុន្តែ ក្រុមជនខិលខូចនៅតែគឃ្លើនទាំងបំពាន លួចធ្វើការចាក់បន្តទៀតមិនខ្លាចញញើតទាល់តែសោះ ហើយអាជ្ញាធរមូលដ្ឋាន និងជំនាញហាក់បីដូចជាមិនអើពើទាល់តែសោះ។
ទីតាំងដែលក្រុមជនខិលខូចលួចចាក់កំទេចថ្មចូលលុបប្រឡាយខាងលើស្ទឹងព្រែកត្នោតនោះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៧ទៅលេខ៥៨ ត្រង់ចំណុចភូមិវល្លិ៍ប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើនិយាយឱ្យដឹងថា ប្រឡាយមេនេះប្រជាពលរដ្ឋ ជាច្រើនភូមិបានយកទឹកប្រើប្រាស់ ស្រោចស្របដំណាំផ្សេងៗ គ្រប់រដូវប្រាំង រដូវវស្សា ប៉ុន្តែថ្មីៗនេះស្រាប់តែគេបានឃើញក្រុមជនខិលខូចបានដឹកគ្រឿងចក្រ(អាអុិច) និងដឹកកំទេចថ្មតាមរថយន្តមកចាក់លុបប្រឡាយមេខាងលើស្ទឹងព្រែកត្នោតនេះតែម្តង។ ក្នុងនាមប្រជាពលរដ្ឋ ពួកគាត់មិនមានសិទ្ធទៅហាមឃាត់ក្រុមជនខិលខូចនោះទេ បានត្រឹមតែមានការសោកស្តាយតែប៉ុណ្ណោះ។
កន្លងទៅកាលពីថ្ងៃទី១១ ខែកញ្ញា ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរ និងជំនាញម្តងរួចមកហើយ។ ប្រជាពលរដ្ឋបានឃើញអាជ្ញាធរឃុំ និងស្រុក ចុះមកពិនិត្យមួយភ្លែតហើយចេញទៅវិញអស់។ ប៉ុន្តែគ្រឿងចក្រនៅតែបន្តសកម្មភាពដដែល ធ្វើឱ្យពួកគេជាប្រជាពលរដ្ឋ មានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើការចាក់កំទេចថ្មចូលលុបប្រឡាយមេនេះ ខាងណាជាអ្នកអនុញ្ញាតទើប ធ្វើបានដោយរលូនបែបនេះនោះ។
ពាក់ព័ន្ធនិងក្រុមជនខិលខូចចាក់កំទេចថ្មលុបប្រឡាយមេខាងលើនេះដែរ អ្នកយកព័ត៌មានយើងបាន សួរនាំទៅ
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ តាមរយៈប្រព័ន្ធតេឡេក្រាម លោកចូលមើល មិនបានឆ្លើយតបជាមួយអ្នកយកព័ត៌មានយើងឡើយ។
ប្រជាពលរដ្ឋដាក់ការសង្ស័យថា បើគ្មានការបើកភ្លើងខៀវពីអស់លោកជំនាញទេ ក្រុមឈ្មួញ ខិលខូចក៏មិនហ៊ានចាក់កំទេចថ្មលុបប្រឡាយមេខាងលើស្ទឹងព្រែកត្នោតនេះដែរ។
ប្រជាពលរដ្ឋព្រួយបារម្ភរឿងក្រុមជនខិលខូចចាក់កំទេចថ្មលុប ប្រឡាយមេខាងលើនេះ ពីព្រោះវា មានសារ:សំខាន់ណាស់ជាកន្លែងសម្រាប់រំដោះទឹកពីជួភ្នំផ្នែកខាងត្បូងនៃសឹ្ទងព្រែកត្នោតកាត់បន្ថយការកើតមានជំនន់ទឹកភ្លៀងព្រោះរដូវនេះជារដូវស្សាផង៕ដោយ៖មណ្ឌលច្បារមន