ច្បាស់ជាមិនរួចខ្លួនទេឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បញ្ជាឱ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺតាមចាប់ខ្លួនក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរី ដើម្បីយកមកអនុវត្តច្បាប់ បើទោះជាពាក់សក្តិឬផ្កាយ ប៉ុន្មាន ហើយជាកូនលោកធំក៏ដោយ
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រតិកម្មយ៉ាងខ្លាំង និងដាក់បទបញ្ជាឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវស្វែងរក ចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង និងបក្សពួក ដែលបានបាញ់បោះសេរីនៅលើខ្នងភ្នំគីរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ បើទោះជាក្រុមខ្មាន់កាំភ្លើងពាក់សក្តិ ឬពាក់ផ្កាយប៉ុន្មាន ហើយជាកូនអស់លោកអ្នកធំមានអំណាចក៏ដោយ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដូចនេះ ក្នុងកិច្ចប្រជុំគណកម្មការអុំទូក កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ខ្មាន់កាំភ្លើង ត្រូវបានកំណត់មុខសញ្ញារួចហើយ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែនាំខ្លួនមកទទួលទោសចំពោះមុខច្បាប់ឱ្យខានតែបាន ទោះជាបុគ្គលនោះមានតួនាទី បុណ្យសក្តិ និងជាកូនអ្នកធំណាក៏ដោយ។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្ត បានខិតខំរក្សានូវសុខសន្តិភាព និងសន្តិសុខ ដើម្បីឱ្យអ្នកវិនិយោគ និងភ្ញៀវ គេមករកស៊ីបណ្តាក់ទុន និងមកលេងកម្សាន្ត ប៉ុន្តែត្រូវបានភិតភ័យដោយក្រុមខ្មាន់កាំភ្លើងទាំងនេះ ដូច្នេះមិនត្រូវលើកលែងឱ្យឡើយ។
ម្យ៉ាងវិញទៀត ដើម្បីជៀសវាងការភ័យខ្លាចពីអសន្តិសុខរបស់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំមានការភិតភ័យ ហើយអាចរស់នៅ និងបន្តលេងកម្សាន្តធម្មតា ព្រោះរដ្ឋបាលខេត្តបាននិងកំពុងមានចំណាត់ការលើក្រុមទាំងនេះហើយ។
សូមបញ្ជាក់ផងដែរថា ខ្មាន់កាំភ្លើងដែលសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ មានឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែលជា២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាម្ចាស់ទីតាំងផ្ទះលំហែរ ស្ថិតនៅចំណុចភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងលោក ស៊ិន វិរៈ ក៏បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងផ្ទុះអាវុធនោះហើយដែរ ដើម្បីពិនិត្យស្រាវជ្រាវឈានដល់ការកសាងនីតិវិធីចាត់ការចំពោះជនខ្មាន់កាំភ្លើង និងបក្សពួក។
បើតាមប្រជាពលរដ្ឋ លួចបង្ហើបថា ម្ចាស់ផ្ទះនិងជាអ្នកបាញ់នោះ មានឈ្មោះ គៀង តួ ហៅ ឆាយ ជាមន្ត្រីនគរបាលពាក់ផ្កាយ២ នៅក្រសួងមហាផ្ទៃ ហើយជាកូនរបស់លោកផ្កាយ៤ យោធាផងដែរ៕