នគរបាលស្រុកឱរ៉ាល់ធ្វើការ ស្រាវជ្រាវ បង្រ្កាបបានក្រុមជនសង្ស័យចំនួន០២នាក់ដកហូតបានគ្រឿងញៀនជាង១០កញ្ចប់
ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនបាន ខណៈដែលក្រុមជនសង្ស័យខាងលើកំពុងតែចរាចរណ៍ គ្រឿងញៀនហើយកម្លាំងនគរបាលល្បាតប្រទះឃើញដកហូតវត្ថុតាងម៉ាកទឹកកកចំនួន១៣កញ្ចប់និងសម្ភារៈជាច្រើនទៀត។
ការឃាត់ខ្លួនក្រុមជនសង្ស័យបានកាលពីវេលាម៉ោង០១និង៣០នាទីរសៀល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ក្រុមជនសង្ស័យបានគឺ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដឹកនាំបញ្ជារផ្ទាល់ដោយលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន បានល្បាត និងឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន០១នាក់ ឈ្មោះ សាន ឌី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ ក្នុងនោះបានដកហូតម្សៅក្រាមពណ៍ស សង័្សយថាគ្រឿងញៀនចំនួន១៣កញ្ចប់(០១ មធ្យម ១២តូច), ទូរស័ព្ទដៃ០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង
និងខ្សៀសម្រាបប្រើប្រាស់គ្រឿងញៀនចំនួន០២។
នគរបាលដដែលបានបន្តទៀតថា ក្រោយធ្វើការសាកសួរឈ្មោះ សាន ឌី បានឆ្លើយសារភាពថា គ្រឿងញៀនចំនួន១៣កញ្ចប់ ខ្លួនបានទិញពីឈ្មោះ រិត វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដោយមានការអនុញ្ញាត និងចង្អុលណែនាំពីថ្នាក់លើ បានបន្តនីតិវិធីឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ រិត វណ្ណា បាននៅវេលាម៉ោង០៣រសៀល ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងនោះបានឆែក និងដកហូតវត្ថុតាងមាន: ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ធំ,ទូរស័ព្ទចំនួន០១គ្រឿង។
បច្ចុប្បន្នមុខសញ្ញាសង្ស័យទាំង០២នាក់ រួមនឹងសម្ភារៈវត្ថុតាងគ្រឿងញៀនដែលនគរបាល រកឃេីញខាងលើ ជំនាញកំពុងកសាងសំណុំរឿង ចាត់កាបន្តតាមផ្លូវច្បាប់៕
ដោយ៖ចៅចិត្ត