មន្ទីរបរិស្ថានខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលទាំងស្រុង ពីបណ្ដាញសហគមន៍ព្រៃឡង់ ដែលបានចុះផ្សាយថា(បទល្មើសកាត់បំផ្លាញឈើនិងការទន្ទ្រានដីព្រៃកើតឡើងឥតល្ហែ!)
(កំពង់ធំ ថ្ងៃព្រហស្បតិ៍ ទី ៤ ខែ មេសាឆ្នាំ២០២៤)
យោងតាមសេចក្តីប្រកាសព័ត៌មានពីមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានខ្លឹមសារថា មន្ទីរបរិស្ថានខេត្តកំពង់ធំមានកិត្តិយសសូមជម្រាបជូនសាធារណជនបណ្ដាញសារព័ត៌មានទាំងអស់ឲ្យបានជាថា កាលពីថ្ងៃទី 1 ខែមេសាឆ្នាំ 2024 កន្លងមកនេះមានការចុះផ្សាយរបស់សារព័ត៌មាន 1 post ក្រោមចំណងជើងថាបទល្មើសកាប់បំផ្លាញឈើនិងការទន្ទ្រានដីព្រៃកើតឡើងឥតល្ហែនៅក្នុងដែនជំរកសត្វព្រៃ ព្រៃឡង់ខេត្តកំពង់ធំ។
ពាក់ព័ន្ធទៅនឹងការផ្សាយព័ត៌មានខាងលើនេះ មន្ទីរបរិស្ថានខេត្តកំពង់ធំសូមបញ្ជាក់ជូនសាធារណជន និង បណ្ដាញសារព័ត៌មានជាតិទាំងអស់ជ្រាបថា មន្ត្រីឧទ្យានបរិស្ថានខេត្តកំពង់ធំបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ និង បានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនិង អាជ្ញាធរមូលដ្ឋានបានធ្វើការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលទទួលបាននៅលទ្ធផលយ៉ាងប្រសើរជាបន្តបន្ទាប់ និង បានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិព្រមទាំងបានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តជាច្រើនករណីនោះផងដែរ។មិនតែប៉ុណ្ណោះដែនជំរកសត្វព្រៃ ព្រៃឡង់បាននឹងកំពុងអនុវត្តគំរោងយន្តការឥណទានកាបោនរួមគ្នា(JCM)ក្រោមការសម្របសម្រួលរបស់ក្រសួងបរិស្ថាន និង ផ្ដល់បច្ចេកទេសដោយអង្គការអន្តរជាតិ(CI)ដែលយើងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗក្នុងការតាមដានគម្របព្រៃឈើនាពេលបច្ចុប្បន្ន។
ចំពោះការលើកឡើងរបស់បណ្ដាញសហគមន៍ព្រៃឡង់ថា ព្រៃសហគមន៍ក្បាលខ្លា និង ព្រៃសហគមន៍ក្បាលអូរធ្នង់មានការកាប់រានទន្ទ្រានយកដីនោះគឺមិនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីបរិស្ថានខេត្តនោះទេ។
មន្ទីរបរិស្ថានខេត្តកំពង់ធំសូមបញ្ជាក់ជូនសាធារណជននិងបណ្ដាញសារព័ត៌មានជាតិថា ក្រុមបណ្ដាញសហគមន៍ព្រៃឡង់មួយស្ដាប់តូចនេះបានបង្កើតឡើងដោយពុំមានច្បាប់ត្រឹមត្រូវ និងធ្វើសកម្មភាពដោយចេតនាប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាផ្នែកធនធានធម្មជាតិដោយមានការផ្តល់នូវថវិកាពីអង្គការដែលមានមូលដ្ឋាននៅក្រៅប្រទេស។
ម្យ៉ាងវិញទៀតក្រុមបណ្ដាញសហគមន៍ព្រៃឡង់នេះពុំបានចុះបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃស្របតាមច្បាប់ស្ដីពីអង្គការសង្គមស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជានោះទេ។ការចុះផ្សាយព័ត៌មានរបស់សារព័ត៌មាន 1postបានធ្វើឲ្យមានការភាន់ច្រឡំនឹងធ្វើឲ្យប៉ះពាល់ដល់មន្ត្រីជំនាញគ្រប់ស្ថាប័នដែលបានខិតខំបំពេញកិច្ចការងារនិងបង្រាបបទល្មើទាំងថ្ងៃ ទាំងយប់ដើម្បីចូលរួមថែរក្សាការពា និងអភិរក្សធនធានធម្មជាតិកន្លងមក។
អាស្រ័យដូចសេចក្តីប្រកាសព័ត៌មានពីមន្ទីរបរិស្ថានខេត្តកំពង់ធំសូមសាធារណៈជនជ្រាបជាដំណឹងនិងសូមកុំឲ្យមានការភាន់ច្រឡំទៅតាមការចុះផ្សាយពីសំណាក់ក្រុមអ្នកព័ត៌មានមួយក្តាប់តូចនោះអី៕ ដោយសំនៀង