ខេត្តក្រចេះ៖ ម្ចាស់ទីតាំងប្រព្រឹត្តល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍មួយចំនួន ដែលជ្រកក្រោមហាងកាហ្វេចំនួន០៤កន្លែង នៅស្រុកឆ្លូង ត្រូវបានសមត្ថកិច្ចចុះធ្វើកិច្ចសន្យានិងអប់រំណែនាំ ឲ្យបញ្ឈប់ប្រព្រឹត្តការលេង ល្បែងស៊ីសងនេះបន្តទៅទៀត នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២១ ។
លោកវរសេនីយ៍ឯក គុណ សោភ័ណ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា៖ កម្លាំងជំនាញយុត្ដិធម៌នៃអធិការដ្ឋាននគរបាលស្រុកឆ្លូង បានសហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្ដក្រចេះ បានចុះធ្វើកិច្ចសន្យាអប់រំណែនាំ ម្ចាស់ទីតាំងហាងលក់កាហ្វេខាងលើឲ្យបញ្ឈប់ សកម្មភាពប្រព្រឹត្តល្បែងសុីសងខុសច្បាប់ ជល់មាន់តាមទូរទស្សន៍ នៅចំណុចហាងកាហ្វេចំនួន០៤កន្លែង នៅស្រុកឆ្លូង ក្នុងនោះទីតាំងទី១ ,ស្ថិតភូមិកណ្ដាល ឃុំឆ្លូង ស្រុកឆ្លូង , ទី២,ភូមិកោះកណ្ដុរ ឃុំឆ្លូង ស្រុកឆ្លូង , ទី៣,ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង និងទី៤,ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ។ ជាមួយគ្នានេះសមត្ថកិច្ចក៏បានឲ្យ ធ្វេីកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ទីតាំងទាំងអស់នោះឲ្យឈប់បន្តការប្រព្រឹត្តលេងល្បែងស៉ីសងបន្ដទៀតផងដែរ។
គួរបញ្ជាក់ថា៖ កន្លងមកទីតាំងខាងលើនេះតែងតែបានប្រព្រឹត្តលេង ល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍ជាយូរមកហើយ ដែលបង្ករការរំខានដល់ពលរដ្ឋអ្នកជិតខាង មិនត្រឹមតែប៉ុណ្ណោះក៏ត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋតែងតែលើឡើងថា មិនដែលឃើញសមត្ថកិច្ច ចុះធ្វើការបង្ក្រាបនោះទេ ។